(ស្វាយរៀង)៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានសមាជិកចំនួន៩នាក់ ត្រូវបានអគ្គិភ័យឆេះបំផ្លាញផ្ទះទាំងស្រុង គ្មានសល់ទ្រព្យសម្បត្តិនោះទេ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុង-ខេត្កស្វាយរៀង នៅវេលាម៉ោងរំលងអាធ្រាត្រចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។ បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍របស់អាជ្ញាធរខេត្ត ក៏ដូចជាមន្រ្តីកាកបាទក្រហមកម្ពុជា សាខាខេត្តស្វាយរៀងរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យមន្រ្តីយកអំណោយទៅចែកជូនដល់ជនរងគ្រោះភ្លាមៗផងដែរ។
នៅថ្ងៃនេះលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោកស្រី ពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យ ដែលមានមេគ្រួសារឈ្មោះ ប្រាក់ សុផាត ភេទប្រុស អាយុ៦០ឆ្នាំ រួមទាំងសមាជិកគ្រួសាររស់នៅជាមួយ ៩នាក់ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោកស្រី ពៅ សុភាព បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែល បានបំផ្លាញ លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ។
ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូន ដែលប្រើប្រាស់ចរន្តអគ្គិសនី ត្រូវមានការប្រុងប្រយត្ន័ ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។
អំណោយដែលបានចែកជូនមានអង្ករ៥០ គ.ក្រ, កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយសម្លរ២, កន្ទេលបត់១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, មុង១, ភួយ១, ក្រម៉ា១, សារុង១ និងថវិកា ៤០០,០០០រៀល។
ផ្ទះជនរងគ្រោះត្រូវត្រូវឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង១៖៤៥នាទីរំលងអធ្រាត្រថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យឆេះទាំងស្រុង សង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ រួមនឹងសម្ភារប្រើប្រាស់ ក្នុងផ្ទះទាំងស្រុង។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនីពីបន្ទប់ផ្នែកខាងលើ ហើយបង្កជាអណ្តាតភ្លើងបានឆេះរាល ដាលរហូតដល់ដំបូលផ្ទះ និងតួផ្ទះទាំងមូលតែម្តងហើយ។ ម្ចាស់ផ្ទះឈ្មោះ ប្រាក់ សុផាត មុខរបរលាងម៉ូតូបានឲ្យដឹងថា មុនពេលកើត គាត់ និងក្រុមគ្រួសារ បានសម្រានលង់លក់ស្រាប់តែ មានផ្សែងហុយចេញពេញផ្ទះបង្កភ្ញាក់ផ្អើល និងដាស់គ្នាឡើង ព្រមទាំងរាយការណ៍មកសមត្ថកិច្ច ដើម្បីសុំជួយអន្តរាគមន៍ជួយយករថយន្តពន្លត់អគ្គីភ័យមកចាញ់ពន្លត់ទើបគ្រប់គ្រង់បាន។
សមត្ថកិច្ចកិច្ចក្រុងស្វាយរៀង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង រួមមាន៖ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថមួយគ្រឿង៕