(ភ្នំពេញ)៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប.ស.ស នឹងចុះឈ្មោះមន្ត្រីសាធារណៈទាំងអស់ក្នុងបញ្ជី ប.ស.ស ឲ្យហើយ ក្នុងឆ្នាំ២០១៨នេះ ខណៈដែលមន្រ្តីសាធារណៈ នៅមិនទាន់បានចុះឈ្មោះចំនួនជាង៤០ម៉ឺននាក់។
លោក អ៊ុក សមវិទ្យា បានថ្លែងបែបនេះ នៅក្នុងកម្មវិធីរៀបចំពិធីប្រជុំបូកសរុបសមិទ្ធផលរយៈពេល ១០ឆ្នាំ (២០០៨-២០១៧) និងទិសដៅការងារឆ្នាំ២០១៨។
លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា «បញ្ហាប្រឈមដែលយើងគិតថា ជាអាទិភាពសម្រាប់ឆ្នាំ២០១៨នេះ គឺការចុះបញ្ជីផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ ឲ្យបានលឿនរហ័ស ថ្វីត្បិតតែយើងចាប់ផ្តើមអនុវត្តក៏ដោយ ប៉ុន្តែបច្ចុប្បន្នយើងមិនទាន់បាន ចុះឈ្មោះពួកគាត់ចូលក្នុងប្រព័ន្ធនោះទេ អីចឹងហើយវាមានការលំបាក ក្នុងការទូទាត់សេវាសុខាភិបាលណាស់ ការលំបាកនេះ វាជាការលំបាកសម្រាប់ប្រព័ន្ធគ្រប់គ្រង របស់ ប.ស.ស»។
លោកបានបន្តថា «គោលដៅរបស់ពួកយើង និងចុះឈ្មោះពួកគាត់ឲ្យបានរួវរាល់ក្នុងឆ្នាំ២០១៨នេះ ដោយសហការជាមួយក្រសួងមុខងារសាធារណៈ សហការជាមួយស្ថាប័នថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីប្រមូលពួកគាត់មកក្នុងបញ្ជីតែមួយ ។ ហើយគោលដៅនៃការចុះបញ្ជី មន្ត្រីសាធារណៈរបស់យើង គឺមិនដូចជា កម្មករនិយោជិក ដែល ប.ស.ស ចេញប័ណ្ណជូនទេ គឺថាពួកគាត់អាចប្រើអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ពេលដែលគាត់ចុះបញ្ជីហើយ គឺគាត់គ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណ គាត់អាចចូលពិនិត្យសុខភាពបាន ដោយឥតគិតថ្លៃ ព្រោះ ប.ស.ស ជាអ្នកទូទាត់ថ្លៃចំណាយទាំងអស់»។
នាយកបេឡាជាតិរបបសន្តិសុខសង្គមរូបនេះ បានលើកឡើងបន្ថែមទៀតថា មន្ត្រីរាជការស៊ីវិលប្រហែលជា២០ម៉ឺននាក់ បូកទាំងអតីតមន្រ្តីរាជការ សរុបទាំងអស់ប្រហែល៤០ម៉ឺននាក់ នៅមិនទាន់បានចុះឈ្មោះនៅឡើយ។ បើសិនជាពួកគាត់មិនបានចុះឈ្មោះនោះទេ គឺ ប.ស.ស ពិបាកក្នុងការទួទាត់ប្រាក់សម្រាប់ពួកគាត់ណាស់ ព្រោះ ប.ស.ស ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធ ហេតុនេះ បើអត់មានឈ្មោះក្នុងប្រព័ន្ធទេ
គឺពិបាកក្នុងការទូទាត់ប្រាក់ឲ្យពួកគាត់។
ក្នុងនោះផងដែរ លោកក៏បានបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជរដ្ឋាភិបាលក៏បានផ្តល់បណ្ណមូលនិធិសមធម៌ ដល់ថ្នាក់ដឹកនាំភូមិ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥ម៉ឺននាក់រួចហើយ មកដល់ពេលនេះ នៅសល់តែ៤ស្រុកទៀតទេមិនទាន់បានចុះបញ្ញីនៅក្នុង ប.ស.ស មិនទាន់បានបណ្ណមូលនិធិសមធម៌នៅឡើយទេ៕