(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលបានរៀបចំធ្វើឡើង នៅក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០។
ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ទោ អ៊ុក ដារ៉ា មេបញ្ជាការរងកងពល ទទួលផែនសុខាភិបាល។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ខាងលើនេះ កញ្ញាវរសេនីយ៍ឯក យុង ខេមរា នាយរងសេនាធិការ និងជានាយការិយាល័យទី៥ ទទួលការងារអប់រំផ្សព្វផ្សាយ និងនយោបាយ ក៏បានអានជីវប្រវត្តិ ទិវានារីអន្តរជាតិ៨មិនា ដល់យោធិននារីចំនួន២៣៧នាក់ ដែលបានអញ្ជើញចូលរួម ក្នុងពិធីនេះផងដែរ។
ថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ លោកស្រីឧត្តមសេនីយ៍ទោ អ៊ុក ដារ៉ា បានថ្លែងកោតសរសើរ ចំពោះយោធិនដែលជានារី ក្នុងកងពល ដែលខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងខ្លួន ទាំងការការពារ និងទាំងការសង្គ្រោះជាដើម។
លោកស្រីឧត្តមសេនីយ៍ទោ ក៏បានជំរុញឲ្យនារី ក្នុងកងពលត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
សូមបញ្ជាក់ថា តាមរបាយការណ៍ កងពលតូចលេខ៧០ ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែជំរុញឲ្យមានថ្នាក់ដឹកនាំជានារី បំពេញការងារក្នុងកងពល ដូចបុរសឲ្យកាន់តែច្រើនផងដែរ៕