(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងការអបអរសាទរ និងបានថ្លែងទៅកាន់អ្នកពាក់ព័ន្ធវិស័យទេសចរណ៍មកពីអាស៊ានថា ពេលវេលានេះ ដល់ពេលដែលយើងគួរ រួមគ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករទ្រទ្រង់ដល់គុណភាពសេវាមគ្គុទេសក៍ទេសចរណ៍ ដើម្បីទ្រទ្រង់កំណើនទេសចរប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរពេញចិត្ត និងកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍អាស៊ាន និងការកំណត់ យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដោយ មានការចូលរួមពីអ្នកជំនាញទេសចរណ៍ទាំង១០ប្រទេស ចិន ជប៉ុន កូរ៉េ និងវាគ្មិនល្បីៗមកពីពិភពលោកជាច្រើននាក់ទៀត។
លោកបានលើកឡើងថា ខណៈជំនាញឯកទេសអន្តរជាតិតម្រូវឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសេវាកម្មមគ្គុទេសក៍ទេសចរណ៍ គឺតម្រូវឲ្យមានការយកចិត្តដល់គុណភាព ដោយត្រូវនាំគ្នាយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលអោយបានល្អ នៅតាមតំបន់គោលដៅ។ សេវាកម្មមគ្គុទ្ទេសក៍នឹងការបកស្រាយពន្យល់ បានផ្តល់នូវគោលបំណងយ៉ាងច្បាស់លាស់ (Raison d’eter) សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាគោលដៅនោះ។
លោករដ្ឋមន្ត្រីបន្តថា បើមគ្គុទ្ទេសក៍ទេសចរណ៍គ្មានគុណភាពទេ មានន័យថា យើងបានទុកភ្ញៀវរបស់យើងនៅគោលដៅទេសចរណ៍នានា ដោយទុកអោយពួកគេមិនបានយល់ដឹងពីគុណតម្លៃ និងគ្មានការបកស្រាយពន្យល់។ដោយអាស៊ាន ក៏ដូចកម្ពុជាយើងកំពុងតែអភិវឌ្ឍខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍ពិសេស បើមិនដូច្នោះទេ យើងមិនអាចធ្វើឲ្យតំបន់របស់យើងក្លាយជាគោលដៅលំដាប់ ពិភពលោកបានទេ។
លោកបញ្ជាក់ថា ដល់ពេលវេលាសម្រាប់យើងទាំងអស់គ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករ ដើម្បីទ្រទ្រង់ដល់កំណើនទេសចរ ប្រកបដោយចីរភាព និងទទួលខុសត្រូវ សំដៅរក្សាបាននូវស្ថានភាព ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។ ឆ្លើយតបទៅនឹងប្រធានបទអាស៊ានបូកបី “គោលដៅទេសចរណ៍ណាដែលគ្មានមគ្គុទ្ទេសក៍ទេសចរណ៍ ពន្យល់បកស្រាយប្រកបដោយគុណភាព គឺទុក ដូចជា អញ្ជើញភ្ញៀវមកលេងផ្ទះ នៅពេលដែលអ្នកមិននៅផ្ទះ”។ ដូច្នេះ យើងមិនអាចទាក់ទាញ និងបង្កើនភ្ញៀវ ទេសចរមកទស្សនាម្តងហើយម្តងទៀតបានទេ។
លោកបានជំរុញឲ្យត្រូវបន្តផ្តល់គុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពចម្បង នៃសន្តិភាព ស្ថិរភាព សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ ជាមួយគ្នានេះដែរ យើងត្រូវទាក់ទាញការយកចិត្ត ទុកដាក់ឲ្យកាន់តែខ្លាំងឡើង ក្នុងការផ្តល់គុណភាពសេវាកម្មប្រកបដោយគុណភាព រួមទាំងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេសចរ។
សូមជម្រាបថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរក្នុងតំបន់អាស៊ានខ្លួនឯង កើនឡើង ៨.៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរអន្តរជាតិ ១៧៥លាននាក់ កើនឡើង ៦.៧%៕