(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត, លោក ទូច មុនី អភិបាលរងក្រុង និងលោក គាត ហ៊ុល ចៅសង្កាត់ផ្សារ កណ្តាល និងក្រុមប្រឹក្សាសង្កាត់ ក្រុមប្រជាការភូមិ បានយកគ្រឿងចក្រឈួសឆាយផ្លូវលំ ឲ្យក្លាយជាផ្លូវគ្រួសម៉េច និងគ្រួសក្រហម មានប្រវែងជិត ៣គីឡូម៉ែត្រ ពីចំណុចផ្លូវស្តង់តាងួន ក្នុងភូមិបាលិលេយ្យ២ ដល់ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក សាន ស៊ានហូ បានថ្លែងថា ផ្លូវ១ខ្សែនេះ យើងសង្កេតឃើញថា មានការពិបាក ក្នុងធ្វើចរាចរណ៍ខ្លាំងណាស់ ក្នុងនាមជាអាជ្ញាធរ ប្រៀបដូចជាឪពុកម្តាយ ដូច្នេះត្រូវយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ពួកគាត់។
លោកបន្ដថា អាជ្ញាធរក្រុង បានទិញគ្រឿងចក្រដោយផ្ទាល់ គឺអេស្កាវាទ័រ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ដើម្បីទុកសំរាប់ឈួសឆាយផ្លូវ លោកមិនទុក ឲ្យប្រជាពលរដ្ឋលំបាក ក្នុងការធ្វើចរាចរណ៍ឡើយ ទីណាផ្លូវលំបាកក្រុមការងារយើង ទៅជួសជុលភ្លាមៗ មិនទុកយូរឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បាននិយាយប្រាប់អង្គភាព Fresh News ថា ខ្ញុំសប្បាយចិត្តខ្លាំងណាស់ បានថ្នាក់ដឹកនាំមកពីគណបក្សប្រជាជនកម្ពុជា ចុះមកជួសជុលផ្លូវលំនេះ ឡើងវិញ ព្រោះថា ពេលមិនទាន់មានការជួសជុលផ្លូវនេះ ចង់ទៅណាមកណា ពិបាកខ្លាំងណាស់ ហុយផង រលាកផង។
ពួកគាត់ បានឲ្យដឹងទៀតថា ពីមុនផ្លូវនេះ ពិបាកខ្លាំងណាស់ ហុយដីចូលផ្ទះ១ថ្ងៃៗ គឺបោសនោះបោស រកពេលសម្រាកមិនបានឡើយ ទៅណាមកណាយ៉ាប់ណាស់ រកទៅមន្ទីរពេទ្យ ក៏ពិបាកនឹងទៅដែល ព្រោះដោយសារតែផ្លូវនេះតែម្តង។
ពួកគាត់ បន្តទៀតថា ផ្លូវ១ខ្សែ គ្មានការធ្វើចរាចរណ៍ អស់រយៈពេលប្រមាណជា៥ឆ្នាំមកហើយ តែមានអាជ្ញាធរក្រុង បានធ្លាប់ចុះមកមកឈួសឆាយដែល តែមិនប៉ុន្មានទេ គឺខូចទៅវិញ គ្រាន់តែឈួស មិនបានចាក់គ្រួស ព្រោះផ្លូវនេះ មានរថយន្តដឹកដីធំៗ ដែលបង្កឲ្យខូចខាតផ្លូវ៕