(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈរូបគេកំពុងជិះកង់ចេញពីសាលារៀន តែចៃដន្យត្រូវបានរថយន្តដឹកទឹកកក បើកបុកពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍ដ៏គួរឲ្យសង្វែកនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៥ល្ងាច នាថ្ងៃទី៥ ខែមីនា ២០១៨ ម្សិលមិញនេះ នៅតាមបណ្តោយផ្លូវជាតិលេខ ៦៩B ត្រង់ចំណុច ភូមិស្រអែម ខាងត្បូងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចន្លោះបង្គោលឡាក់លេខ១ និងលេខ២។

លោកអនុសេនីយ៍ទោ អ៊ូច អឿន នាយប៉ុស្តិនគរបាលឃុំស្រអែម នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កុមារាដែលជាជនរងគ្រោះខាងលើ មានឈ្មោះ វិន ធារ៉ា អាយុ១០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ។

លោកបានបញ្ជាក់ផងដែរថា មុនពេលកើតហេតុក្មេងប្រុសជាជនរងគ្រោះខាងលើ បានជិះកង់ម្នាក់ឯង ចេញពីសាលារៀនទៅផ្ទះ ក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តដឹក ទឹកកកមួយគ្រឿង បានមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយក្មេងប្រុសរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

លោកនាយប៉ុស្តិ បានបន្តថា ក្រោយកើតហេតុជនបង្កខាងលើ ព្យាយាមបើករថយន្តរត់គេចខ្លួន ដោយមិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួននោះទេ តែត្រូវបានកម្លាំងនគរបាលរដ្ឋបាលឃុំស្រឯម សហការណ៍ជាមួយដឺបេ កងពលតូចអន្តរាគមន៍លេខ៨ ស្ទាក់ចាប់បាននៅផ្សាត្រាំប៉ោង ស្រុកត្រពាំងប្រសាទ ខេត្តឩត្តមានជ័យ។

ជនបង្កជាភាគីរថយន្តខាងលើមាន៖ ទី១ ឈ្មោះអៀម រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជាតៃកុងឡាន បច្ចុប្បន្នស្នាក់នៅភូមិវត្តលង់ ឃុំរលកស ស្រុកសំពៅមាស ខេត្តពោធិសាត់ និងទី២ ឈ្មោះអោក ហ៊ុយ ភេទប្រុសអាយុ១៨ឆ្នាំជាព្រូឡាន បច្ចប្បន្នរស់នៅភូមិព្រែកសង្កែ ស្រុកពាមកោះស្នា ខេត្តកំពង់ចាម។

បច្ចុប្បន្នជនបង្កទាំង ២នាក់ ខាងលើត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ធ្វើកាឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំចងក្រងសំណុំរឿងចាត់ការបន្ត រីឯសាកសពកុមារាដែលជាជនរងគ្រោះខាងលើក្រោយពេលសមត្ថកិច្ចធ្វើកាវាស់វែងរួច បានប្រគល់អោយឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលឃុំស្រអែម យកមករក្សាទុកបណ្តោះអាសន្នរងចាំម្ចាស់ភាគីទាំងពីរដោះស្រាយទៅតាមច្បាប់៕