(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី ទេព រង្សី ខៀវ កាញារីទ្ធ ប្រធានគណៈកម្មារសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរ ជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

លោកស្រី ទេពរង្ស៊ី ខៀវ កាញារីទ្ធ បានរាយការណ៍ជូនលោកស្រី ម៉ែន សំអន អំពីការរីកចំរើនរបស់សមាគមដោយបានបញ្ជាក់ថា ចាប់តាំងពីកែសម្រួលសមាសភាពសមាគមកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧មក សមាគមបានបន្តសកម្មភាពការងារយ៉ាងសកម្ម លើមុខជំនាញផ្សេងៗរបស់វិទ្យុជាតិ ទូរទស្សន៍ជាតិ និងប្រព័ន្ឋអេឡិចត្រូនិច ព្រមទាំងការងារជំនាញលើបច្ចេកទេសផ្សេងៗទៀតជាច្រើន។ ក្នុងនោះនារីកំពុងដើរតួយ៉ាងសកម្ម លើវិស័យព័ត៌មាន ហើយជាការរួមចំណែក ក្នុងការការពារថែរក្សាសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ ធានាដល់ការការពារសិទ្ឋិមនុស្ស សិទ្ឋិសេរីភាព ក្នុងការបញ្ចេញមតិ ស្របតាមគោលការណ៍នៃលទ្ឋិប្រជាធិបតេយ្យ ដែលស្ថិតនៅក្តោមឆ័ត្រនីតិរដ្ឋ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានគូសបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អ ប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏ មហិមារបស់ស្រ្តីនៅលើពិភពលោក ដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូ លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមថា ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្ត ជម្រុញ និងលើកតម្កើងនូវតម្លៃ ឋានៈតួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាឲ្យកាន់តែមានភាព ប្រសើរ និងថ្លៃថ្លាថែមទៀត។

បន្ថែមពីនេះ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់សមាគមនារីក្រសួងព័ត៌មាន ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មលើវិស័យព័ត៌មាន ក្នុងផ្សព្វផ្សាយលើការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាព ក្នុងគោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិស្តីពី «ស្ត្រី សុខសន្តិភាព និងសន្តិសុខ»។

ការជ្រើសរើសប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» សម្រាប់ទិវា៨ មីនា ឆ្នាំ២០១៨ នេះ ពិតជាមាន សារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកល ជាពិសេសសម្រាប់កម្ពុជា ដែល ជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម៕