(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ជីវភាព ឋានៈ តួនាទីស្រ្តី ដែលជាធនធានមនុស្ស ប្រកបដោយសក្តានុពលនៅក្នុងគ្រួសារ និងសង្គម។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨
ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកបានរំឭកថា នៅក្នុងខែតុលា ឆ្នាំ២០០០ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បានទទួលស្គាល់ជាផ្លូវការចំពោះតួនាទីរបស់ស្រ្តីនៅក្នុងកិច្ចថែរក្សាសន្តិភាព ដោយបានអនុម័តជាឯកច្ឆ័ន្ទ នូវសេចក្តីសម្រេចសហប្រជាជាតិលេខ ១៣២៥ ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ក៏ដូចជាមានសេចក្តីសម្រេចចំនួន៧បន្ថែមទៀត ដែលត្រូវបានអនុម័តបន្តបន្ទាប់។
លោកបន្តថា សេចក្តីសម្រេចទាំង៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិមានគោលបំណង រួមមាន១៖ ពង្រឹងការចូលរួមរបស់ស្រ្តីនៅក្នុងការទប់ស្កាត់ជម្លោះ និងនៅក្នុងដំណើរការ និងប្រតិបត្តិការសន្តិភាព ២៖ បញ្ចប់អំពើហិង្សាផ្លូវភេទ និងនិទណ្ឌភាពនៅក្នុងអំឡុងពេលមានជម្លោះ និង ៣៖ កែលម្អឲ្យកាន់តែប្រសើរនូវប្រព័ន្ធគណនេយ្យភាពអន្តរជាតិដើម្បីសន្តិភាព ហើយកម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចនេះយ៉ាងខ្ជាប់ខ្ជូន។
លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០១៥ អ្នកចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពមានចំនួនតែ ៣% និងមន្រ្តីនគរបាលមានតែ ១០% ប៉ុណ្ណោះជាស្រ្តី។ តួលេខផ្សេងៗទៀតបង្ហាញថា នៅក្នុងសកលលោកមានកុមារប្រហែលពាក់កណ្តាល នៃកុមារគ្រប់វ័យចូលរៀនបឋមសិក្សា ហើយមិនបានចូលសិក្សាក្នុងសាលារៀន កំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ដែលក្នុងនោះក្មេងស្រីជាអ្នកទទួលរងផលប៉ះពាល់ខ្លាំជាងគេ។ លើសពីនេះ នៅប្រទេសមានជម្លោះ និងក្រោយជម្លោះ អត្រាមរណភាពមាតាជាមធ្យម ២.៥ដង ខ្ពស់ជាងប្រទេសនានាដែលគ្មានជម្លោះ។
ជាតឹងតាងសំអាង នៅក្នុងក្រសួងការងារក៏បានចូលរួមលើកកម្ពស់ស្រ្តី ក្នុងតួនាទីធ្វើសេចក្តីសម្រេចក្នុងនោះ៖ ថ្នាក់រដ្ឋលេខាធិការ/ថ្នាក់ស្មើចំនួន ២រូប ថ្នាក់អនុរដ្ឋលេខាធិការ/ថ្នាក់ស្មើចំនួន ២រូប អគ្គនាយកនាយក/ថ្នាក់ស្នើចំនួន ២រូប អគ្គនាយករង/ថ្នាក់ស្មើចំនួន ១២រូប ប្រធាននាយកដ្ឋាន/ថ្នាក់ស្មើចំនួន ៩រូប អនុប្រធាននាយកដ្ឋាន/ថ្នាក់ស្មើ ៤០រូប អនុប្រធានមន្ទីរចំនួន ១៤រូប នាយកវិទ្យាស្ថានចំនួន ១រូប នាយករងវិទ្យាស្ថានចំនួន ៦រូបផងដែរ៕