(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចុះបឋមសិលាសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦រួចមក គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ «វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា» បានសាងសង់សម្រេចបានជាង៧៥ភាគរយហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា នៅសល់តែការងាររចនាលំអ តួវិមានតែប៉ុណ្ណោះ ហើយការដ្ឋានស្ថាបនាវិមាននេះ កំពុងបង្កើនល្បឿនសាងសង់ ដើម្បីឲ្យចប់សព្វគ្រប់ តាមពេលវេលាកំណត់។

សម្តេចពិជ័យសេនា បានបញ្ជាក់បែបនេះ ក្រោយកិច្ចប្រជុំពិភាក្សាត្រៀម រៀបចំរបាយការណ៍ លទ្ធផលសាងសងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

សម្តេចពិជ័យសេនាបានន្ថែមថា ចំពោះការងាររចនាលំអនៃតួវិមាននេះ គឺមានដូចជា ការរៀបចំសួនច្បារ អាងបាញ់ទឹក រូបចំលាក់ ហើយជាពិសេសក្រុមការងារបានពិភាក្សាបន្ថែមលើ សិលាចារឹក ទ្រង់ទ្រាយតួអក្សរ និងប្រភពថ្មដែលត្រូវយកឆ្លាក់ជារូបចំលាក់។ ការស្ថាបនាវិមាននយោបាយឈ្នះឈ្នះនេះ ធ្វើឡើងដើម្បីបង្ហាញ និងរំលឹកគុណដល់វីរភាពស្នាដៃរបស់វីរជន ដែលបានលះបង់បូជាជីវិត សាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ។

សូមជម្រាបថា ស្តូបវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ដែលយកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ដើម្បីទុកជាមរតក សម្រាប់កូនខ្មែរជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ វិមាននេះត្រូវសាងសង់ លើផ្ទៃដីសរុបចំនួន៨ហិកតា ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រៅពីសំណង់វិមាននេះ ក៏មានការសាងសង់កន្លែងហាត់ប្រាណ បណ្ណាល័យតម្កល់ឯកសារ កន្លែងបញ្ចាំងភាពយន្តឯកសារ សាលតាំងរូបថតប្រវត្តិសាស្ត្រសិល្បៈ និងកន្លែងសម្រាប់សិក្សាស្រាវជ្រាវនានាផងដែរ៕