(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះទៅពិនិត្យគុណភាពទំនិញ នៅក្នុងផ្សារឈូកមាស និងផ្សាររីករាយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សកម្មភាពត្រួតពិនិត្យទំនិញនេះ ក៏មានការចូលរួមពីមន្ទីរពាណិជ្ជកម្ម និងគណៈគ្រប់គ្រងផ្សារផងដែរ។

ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ ចំនួន៥៤គំរូ ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ជាលទ្ធផលផលិតផលដែលពិនិត្យទាំង៥៤គំរូនេះ គីមានអនុលោមភាព សុវត្ថិភាព ៥៣គំរូ ដែលរួមមាន៖ បន្លែច្រើនប្រភេទ ផ្លែឈើច្រើនប្រភេទ ស្ករត្នោត ប្រហិតសាច់ សាច់ ផ្អក ប្រហុក សរសៃគុយទាវ មី ប្រភេទជ្រក់ ជាដើម។ ដោយឡែក ចំពោះលតខៀវ បន្ទាប់ពីមន្រ្តីនៃមន្ទីរពិសោធន៏ពិនិត្យវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ លើលតខៀវរួចមក ក្រុមការងារបានចុះទៅបង្ហាញ ពីលទ្ធផលវិភាគ ជូនដល់អ្នកលក់ និងបានឯកភាពគ្នាធ្វើកិច្ចសន្យាបញ្ឈប់ការលក់លតខៀវមានសារធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើកំណត់ហេតុដកហូតបាននូវលតខៀវ មានសារធាតុគីមីហាមឃាត់បាន ៥គីឡូក្រាមដើម្បីកំទេចចោល ។

មន្រ្តីកាំកុងត្រូលសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានហៅការចុះត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារជាប្រចាំនេះថា ជាការធ្វើឡើងតាមកម្មវិធីជាក់លាក់ដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល និងដោយមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាឲ្យបាននូវសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋ ព្រមទាំងកសាងបាននូវទំនុកចិត្ត ពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងពីភ្ញៀវទេសចរណ៍ផងដែរ ។

ក្នុងនាមជាមន្រ្តី នៃសាខាកាំកុងត្រូលប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាសេនាធិការមួយផងដែរ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើសកម្មភាពចុះទៅពិនិត្យគុណភាពទំនិញនៅលើទីផ្សារ ធ្វើយ៉ាងណាទប់ស្កាត់ ឲ្យបានខ្ពស់នូវការចរាចរណ៍ទំនិញខូចគុណភាព ឬ មានសារធាតុគីមីហាមឃាត់នោះ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់។ ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀប នៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុន នឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង ។ល៕