(ភ្នំពេញ)៖ ស្ដ្រី គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលមិនអាចខ្វះបាន ដោយហេតុនេះហើយ ទើបឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកិច្ចការនារី, សមាគមនារី និងស្ថាប័នពាក់ព័ន្ធ បានសម្រេចនិងជ្រើសរើសយកប្រធានបទ «ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្នុងឱកាសទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ ហើយប្រធានបទនេះ ក្នុងគោលបំណង ដើម្បីទាមទារឲ្យមានការ លើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គមផងដែរ។ នេះជាការថ្លែងរបស់លោកស្រី ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លោកស្រីបានបញ្ជាក់បែបនេះ ក្នុងឱកាសលោកស្រី ចូលរួមជាអធិបតីភាព ពិធីសំណេះសំណាលជាមួយមន្ដ្រីរាជការនារី ក្រសួងអធិការកិច្ច ទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨នេះ ពិតជាមានអត្ថន័យណាស់ដោយកម្ពុជា បានជ្រើសរើស ប្រធានបទ «ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ស្របពេលប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ និងក្នុងគោលបំណងរំលឹកពី ការតស៊ូរបស់នារីទូទាំង ពិភពលោកក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនឹងបុរសដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួនាទីធំៗ នៅតាមអង្គភាពសំខាន់ៗ គ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «រយៈពេល៣៩ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុមរមនា កិត្តិយស និងសេចក្តីថ្លៃថ្នូរ មានជីវភាពធូរធា និងមានសុខសន្តិភាព សន្តិសុខ សុវត្តិភាព និងការអភិវឌ្ឍន៏យ៉ាង ពិតប្រាកដ។ ជាមួយនេះដែរ នារីត្រូវបានចាត់ទុកថា ជាកម្លាំងចលករមួយយ៉ាងរឹងមាំ និងត្រូវបានលើកដម្កើងឱ្យ មានឱកាសចូលរួមកសាងសង្គមជាតិ ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិផងដែរ»។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ជាការពិតណាស់ព្រះរាជាណាចក្រកម្ពុជាយើង នាពេលបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍ ល្អប្រសើរនៅលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងនយោបាយការទូត ។ ជាក់ស្តែងកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមភាគប្រចាំឆ្នាំប្រមាណ៧ភាគរយ ប្រកបដោយចិរភាពតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពស័ក្កសិទ្ធិនូវ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តីមានឱកាសសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងជំនាញជ្រៅជ្រះ សម្រាប់ យកទៅប្រកបការងារ និងមានមុខរបររកចំណូលសម្រាប់គ្រួសារ។ ជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណិត្តទី៤ និងការបោះ ឆ្នោតជ្រើសតាំងតំណាងព្រឹទ្ធសភា នីតិកាលទី៤ កន្លងទៅ បានបង្ហាញ យ៉ាងច្បាស់ ពីតម្លាភាព យុត្តិ ធម៌ និងលទ្ធិប្រជាធិបតេយ្យ ធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិ និងប្រទេស ជាច្រើនលើសកលលោកទទួលស្គាល់ គាំទ្រ និងអបអរសាទរ។
លោកស្រីបានបន្ដថា ហេតុនេះហើយ បានជារៀងរាល់ឆ្នាំ ប្រទេសនីមួយៗតែងតែប្រារព្ធធ្វើ ដោយលើកយកប្រធានបទផ្សេងៗ ទាក់ទងនិងស្រ្តី ដើម្បីអបអរសាទរ និងដាក់ចេញជាសកម្មភាពឲ្យស្របទៅនិងបរិការណ៍របស់ប្រទេស រៀងៗខ្លួន៕