(កោះកុង)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កម្ពុជាបានជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងចំណោមប្រទេស៧ នៅក្នុងសកលលោក ដែលក្នុងនោះមាន បុតស្វាណា ចក្រភពអង់គ្លេស អ៊ីស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត និងសិង្ហបុរី ដែលបានសម្រេចគោលដៅ៩០-៩០-៩០។ គោលដៅ៩០-៩០-៩០ គឺមានន័យថា ទី១) ៩០% នៃអ្នកសង្ស័យថា មានផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាព ជំងឺអេដស៍របស់ខ្លួន, ទី២)៩០% នៃអ្នកដែលដឹងពីស្ថានភាព ផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាល ដោយឱសថប្រឆាំមេរោគអេដស៍ និង៣)៩០% នៃអ្នកដែលទទួលការព្យាបាល នឹងរកមិនឃើញមេរោគអេដស៍ នៅក្នុងឈាម។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពិគ្រោះយោបល់ លើការងារដែលបានអនុវត្ត ក្នុងឆ្នាំ២០១៧ និងពិនិត្យផែនការឆ្នាំ២០១៨ ដើម្បីអនុវត្តបន្ត នៅសណ្ឋាគារកោះកុងស៊ីធី ខេត្តកោះកុង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍តំណាងរដ្ឋបាលខេត្តកោះកុង គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តកោះកុង និងទីប្រឹក្សាបច្ចេកទេស ចំនួន១០៥នាក់។
ថ្លែងទៅកាន់អង្គពិធី លោកទេសរដ្ឋមន្រ្តីបានឲ្យដឹងបន្តទៀតថា យើងហៅកម្មវិធីនេះថា សិក្ខាសាលា ឬវិបស្សនា ដែលមានន័យថា ដកថយមកគិត ឬធ្វើសមាធិដើម្បីកើនបញ្ញា។ យើងជួបជុំគ្នាថ្ងៃនេះ ដើម្បីដកឃ្លាមកគិត ដោយសំឡឹងមើលពីអ្វីដែលបាន ធ្វើនៅក្នុងអតីតកាល វាស់ជាមួយបច្ចុប្បន្នកាល ហើយសំឡឹងមើលទៅអនាគតថា ត្រូវធ្វើកិច្ចការអ្វីទៀត។ តើយើងមានការរីកចម្រើនទេ បើពីមុនមានចំណុចខ្វះខាត តើយើងត្រូវកែលម្អបែបណា? ដូច្នេះ យើងត្រូវសំឡឹងមើលទៅអនាគត ថាយើងត្រូវធ្វើកិច្ចការអ្វីបន្ថែមទៀត។
គួររំឭកថា ថវិកាវិនិយោគក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជាចាប់ពីឆ្នាំ១៩៩១មកដល់បច្ចប្បន្នមាន ប្រមាណ ៨០០លានដុល្លារ ដែលបានទទួលពីដៃគូអភិវឌ្ឍន៍។ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ យើងមានថវិកាប្រយុទ្ធនឹងជំងឺអេដស៍ចំនួន៤១,៦លានដុល្លារ ដែលជាជំនួយពីមូលនិធិសកល។ ប៉ុន្តែនៅក្នុងដំណាក់កាលជោគជ័យនេះ ជំនួយពីដៃគូអភិវឌ្ឍន៍ក្នុងការ ប្រយុទ្ធជំងឺអេដស៍កំពុងបន្តធ្លាក់ចុះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចូលរួមចំណែក ក្នុងការផ្តល់ថវិកាបដិភាគ សម្រាប់ទិញឱសថប្រឆាំងនឹងជំងឺអេដស៍ តាំងពីឆ្នាំ២០១៥រហូតដល់បច្ចុប្បន្ន និងការផ្តល់ថវិកាជួលមន្រ្តីជាប់កិច្ចសន្យា ចាប់ពីឆ្នាំ២០១៨នេះ។
ចំនួនថវិកាជាតិសរុប ដែលរាជរដ្ឋាភិបាលបានរួមចំណែក គឺមានចំនួន៨លានដុល្លារអាម៉េរិក។ យើងចង់ឲ្យមានចីរភាពក្នុងប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះ ក្រសួងមហាផ្ទៃបានបញ្ចូលការ ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព កាលពីខែធ្នូ ឆ្នាំ២០១៦។ ក្រសួងផែនការ បានដាក់បញ្ចូលអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ក្រីក្រ ឲ្យទទួលបានអត្តសញ្ញាណបណ្ណក្រីក្រ។ ក្រសួងស្ថាប័ន និងរាជធានី ខេត្តនីមួយៗ រៀបចំកញ្ចប់ថវិកាប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងកញ្ចប់ថវិការបស់ក្រសួងស្ថាប័នខ្លួនផ្ទាល់។
ដោយបានទទួលការអនុញ្ញាត ជាគោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្រ្តី យើងបាននិងកំពុងរកប្រភពថវិកា ជំនួយពីសាធារណរដ្ឋប្រជាមានិតចិន។ យើងបានលើកជាគម្រោង ស្នើសុំថវិកាទៅស្ថានទូតចិនហើយ។ យើងនឹងរកឱកាសដើម្បីទៅជួបឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ យើងគ្រោងស្នើសុំចិនឲ្យជួយ ក្នុងការងារភូមិឃុំមានសុវត្ថិភាព។ ថ្មីៗនេះ សប្បុរសជនចិន បានផ្តល់ជំនួយ ជាស្រោមអនាម័យចំនួន៦៤៨០០០ស្រោម។ យើងត្រូវរៀបចំការប្រជុំអន្តរ ក្រសួង ដើម្បីពិនិត្យលទ្ធភាពរើសមន្រ្តី ជាប់កិច្ចសន្យាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ពេលវេលាចេះតែទៅមុខ លទ្ធផលមិនមែនដូចនឹងអ្វីដែលយើងចង់បានទេ។ ប៉ុន្តែ យើងត្រូវរកវិធីដោះស្រាយ ឲ្យអាចធ្វើការបានតាមគ្រប់រូបភាព។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានណែនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទាំងអស់ឲ្យរួមគ្នាពង្រឹងសន្តិភាព ដោយ១)កុំពាក់ព័ន្ធជាមួយគណបក្សប្រឆាំង ព្រោះពួកនេះគ្មានគោលនយោបាយអ្វី ក្រៅពីការផ្តួលរំលំរបប ដោយអំពាវនាវរបៀបឧទ្ទាម ឲ្យកងទ័ពងើបឡើង ប្រឆាំងរាជរដ្ឋាភិបាល និង២) ពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខឲ្យបានគ្រប់គ្នា៕