(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមការដឹកនាំដ៏រឹងមាំឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឲ្យប្រទេសមានជាតិមានសុខសន្ដិភាព មានការរីកចម្រើន លើគ្រប់វិស័យ ដែលបង្កើតឱកាសឲ្យប្រជាពលរដ្ឋយើង បានរស់នៅប្រកបដោយសេចក្ដីសុខ មានសិទ្ធិស្មើគ្នា ក្នុងការបំពេញកិច្ចការងារ ក្នុងជួររាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបែបនេះក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូពេទ្យ និងអបអរសាទរខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) នៅថ្ងៃទី០៦ ខែមីនានេះ ។
លោកសាស្ដ្រាចារ្យបន្ដថា «ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្ដិភាព និងការអភិវឌ្ឍ ដែលផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ មានភាពសប្បាយរីករាយ និងមានសិទិ្ធប្រកបមុខរបរ ការងារផ្សេងៗ ទៅតាមចំណង់ចំណូលចិត្ដ ដែលខ្លួនចង់បាន ដើម្បីឲ្យសេដ្ឋកិច្ចគ្រួសាររឹងមាំ ។ លើសពីនោះ ក្រោមការយកចិត្ដទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ដស្ដ្រី ក្នុងការបំពេញកិច្ចការងារមានតួនាទីធំ នៅតាមស្ថាប័នការងារ ទាំងរដ្ឋ និងឯកជន ពិសេសដើរតួនាទី ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍ សមត្ថភាព ស្ត្រីក៏ដូចជា ផ្តល់ឱកាសស្ត្រីចូលរួមប្រកបដោយសមត្ថភាព គ្រប់ការងារ គ្រប់វិស័យមកនេះ។ សព្វថ្ងៃនេះ សម្រាប់មន្ទីរពេទ្យរដ្ឋ និងក្រសួងសុខាភិបាល ក៏បានលើកកម្ពស់ ដល់ស្ដ្រីជាធំផងដែរ ក្នុងការដឹកនាំនេះ» ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា ស្របទៅតាមប្រធានបទ ស្ដីពី «ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ៨មីនានេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌ អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស និងស្ត្រីដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទី របស់ស្ត្រី៕