(ព្រះវិហារ)៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនទូទាំងខេត្តព្រះវិហារ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត បានរំលឹកនូវអនុស្សាវរីយ៍ និងលើកបង្ហាញគំរូវីរភាពជាច្រើនរបស់នាយឧត្តមសេនីយ៍ ជា តារា គឺជានាយទាហានជាន់ខ្ពស់ម្នាក់ ក្នុងចំណោមនាយទាហានដ៏ឆ្នើមជាច្រើន មានសមត្ថភាព បទពិសោធន៍ ក្នុងការដឹកនាំបញ្ជាកងទ័ព។
លោកអភិបាលខេត្ត បានបន្តលើកឡើងថា នាយឧត្តមសេនីយ៍ មិនត្រឹមតែបានឆ្លងកាត់សាលាបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសនោះទេ គឺគាត់បានគោរព និងអនុវត្តន៍បានហ្មឺងម៉ាត់ ដ៏មានប្រសិទ្ធភាព នូវរាល់បទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រកបដោយជោគជ័យ ទាំងក្នុងសម័យរដ្ឋកម្ពុជា ក៏ដូចសម័យបច្ចុប្បន្ន ជាពិសេសកន្លងទៅថ្មីៗនេះ អំឡុងឆ្នាំ២០០៨-២០១៤ ក្នុងសង្រ្គាមទប់ទល់ ការពារការឈ្លានពានពីខាងក្រៅ នាយឧត្តមសេនីយ៍ ជា តារា ក៏ដូចនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្រោមការដឹកនាំបញ្ជាររបស់, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាគណៈបញ្ជាការឯកភាពព្រុំដែន កម្ពុជា-ថៃ, នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាពិសេសដោយបានការដឹកនាំបញ្ជា និងជួយឧបត្ថម្ភផ្ទាល់ទាំងស្មារតី សម្ភារ ថវិកាពីសំណាក់សម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ ជា តារា បានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយកម្លាំងចិត្តចំណេះដឹង និងបទពិសោធន៍ អនុវត្តសម្រេចបានជោគជ័យ នូវរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ ការពារបានរឹងមាំភូមិសាស្រ្ត និងប្រាសាទព្រះវិហារជាដួងព្រលឹងជាតិរបស់យើង។
ជាងនេះទៅទៀត លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងទៀតថា ក្រៅពីការរួមប្រយុទ្ធបណ្ដេញខ្មាំងសត្រូវហើយនោះ នាយឧត្ដមសេនីយ៍ ជា តារា ក៏បានរួមចំណែកជាច្រើន ក្នុងការងារកសាង និងអភិវឌ្ឍន៍តំបន់ព្រំដែន នៅតំបន់ប្រាសាទព្រះវិហារខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើម។ល។
លោក អ៊ុន ចាន់ដា បានចាត់ទុកការចូលទៅកាន់តួនាទីថ្មី ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ របស់នាយឧត្តមសេនីយ៍ ជា តារា គឺជាការផ្ដល់នូវឱកាសជូនមេទ័ពមួយរូប ដែលមានទាំងចំណេះជំនាញ និងបទពិសោធន៍លើសមរភូមិដ៏ច្រើន សម្រាប់ចែករំលែកដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកុលបុត្រ កុលធីតាខ្មែរ ក្នុងការពង្រឹងខឿនការពារជាតិ ឲ្យកាន់តែរឹងមាំថែមទៀត។
ជាមួយនឹងការទទួលភារកិច្ចថ្មីនេះ សូមជូនពរនាយឧត្តមសេនីយ៍ ជា តារា ឲ្យទទួលបានជោគជ័យជាមួយតួនាទី និងភារកិច្ចថ្មី លើវិថីនៃការបណ្ដុះបណ្ដាលនូវពុទ្ធិ និងចំណេះជំនាញទាំងឡាយ លើវិស័យការពារជាតិ ឈានទៅសម្រេចបាននូវការកសាង និងការពារបូរណភាពជាតិទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕