(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឧត្តមភរិយា និងជាប្រធានកាកបាទក្រហមកម្ពុជានោះ នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ នឹងដឹកដៃគ្នាអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២០ និងពិសាបាយសាមគ្គីជាមួយអ្នកសិល្បៈនៅមជ្ឈមណ្ឌលកោះពេជ្រ។

ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​។ ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺ​ក្នុងបំណង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​ក្នុងការលើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះនៅ​កម្ពុជា​។

តាមរយៈសារាចរណែនាំពីការរៀបចំទិវាវប្បធម៌នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។

សម្តេចតេជោបន្តថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់ចំពោះទិវាវប្បធម៌របស់ជាតិនេះ ហើយតែងបានផ្តល់កិត្តិយសចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំផងដែរ៕