(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា នឹងបន្តប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមរបស់កម្មករ និយោជិត ជាពិសេសជួយដំឡើង ប្រាក់ឈ្នួលទាបបំផុតឲ្យកាន់តែខ្ពស់នៅរៀងរាល់ឆ្នាំ ដោយជួយឲ្យជួយជីវភាពរបស់ពួកគេកាន់តែធូរធារ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បែបនេះនៅបណ្តាញទំនាក់ទំនង Facebook របស់សម្តេចនៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពរីករាយនៅពេលឃើញកម្មករ កម្មការិនីមានការងារធ្វើទៀងទាត់ និងមានប្រាក់ឈ្នួលសមរម្យ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «កាលពីចុងសប្តាហ៍កន្លងទៅនេះ ខ្ញុំបានទៅជួបកូនក្មួយកម្មករកម្មការនីនៅខេត្តព្រះសីហនុ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញកូនក្មួយមានការងារធ្វើជាប់លាប់ល្អ នឹងមានប្រាក់ខែសមរម្យ។ ពូនឹងបន្តជួយដោះស្រាយបញ្ហាប្រឈមនានាជូនក្មួយៗ រួមទាំងតម្លើងប្រាក់ខែឲ្យបានកាន់តែខ្ពស់នៅរៀងរាល់ឆ្នាំ ដើម្បីកូនក្មួយមានជីវភាពរស់នៅកាន់តែធូរធារ»

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កម្មករ កម្មការិនី និងដើម្បីធ្វើឲ្យមានសុខដុមនីយកម្មក្នុងនៅតាមរោងចក្រកាត់ដេរនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបេសកកម្មចុះជួបកម្មករ កម្មការិនីដោយផ្ទាល់ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ មកដល់ពេលបច្ចុប្បន្នសម្តេចតេជោ បានចុះជួបកម្មករ កម្មការិនីចំនួន ៣៣លើកហើយ ហើយមានកម្មករ កម្មការិនីសរុបជិត ៤០ម៉ឺននាក់ហើយ ដែលសម្តេចបានជួបសំណេះសំណាលនោះ។

តាមរយៈជំនួបដោយផ្ទាល់ជាបន្តបន្ទាប់នេះសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ បានសម្រេចផ្តល់ជាកញ្ចប់អត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករ និយោជិត ដែលរួមមានដូចជា៖

* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងតាមមន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គមដោយឥតគិតថ្លៃ។

* ចាប់ពីឆ្នាំ២០១៨នេះតទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។

* ជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨នេះ។

* ហាមមិនឲ្យមានការដំឡើងថ្លៃឈ្នួលផ្ទះ ឬ បន្ទប់ នៅក្នុងឆ្នាំ២០១៨។

* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ បន្ទាប់ពីគេបម្រើការងារចាប់ពី២៥ឆ្នាំឡើង។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

នៅពេលថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលការណ៍ឲ្យបង្កើតក្រុមការងាររកមូលហេតុបណ្តាលឲ្យកម្មករដួលសន្លប់ និងបានសម្រេចឲ្យយកថវិកាបុរេប្រទាន ៤.៦លានដុល្លារ សម្រាប់ដោះស្រាយបញ្ហារបស់កម្មករ កម្មការិនី ដែលត្រូវថៅកែរត់ចោលថែមទៀតផង៕