(កំពង់ធំ)៖ អតីតយុទ្ធជន ដែលធ្លាប់បានហែលឆ្លងក្នុងសមរភូមិវាយទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់របស់កងទ័ពខ្មែរក្រហមសេសសល់នៅតាមជាយដែននាអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ បានថ្លែងថា ប្រទេសជាតិជួបកលយុគព្រោះតែសង្គ្រាម បានធ្វើឲ្យជាតិកម្ពុជាទាំងមូលត្រូវហិនហោច និងទន់ខ្សោយ ដែលមិនគួរឲ្យកើតមានលើដែនដីនៃជាតិកម្ពុជាជាថ្មីនោះឡើយ។

ក្នុងពិធីទទួលមេដាយការពារជាតិ ដែលព្រះរាជទានដោយព្រះមហាក្សត្រខ្មែរនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ អតីតយុទ្ធជនជិត ២ពាន់នាក់មកពីបណ្តាស្រុកនានាក្នុងខេត្តកំពង់ធំ បាននាំគ្នារំលឹកពីទុក្ខវេទនានៅក្នុងសមរភូមិ និងការពលីកម្មរបស់ពួកគាត់ ដើម្បីទប់ទល់មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រឡប់មកវិញ។

លោក សួង កំសត់ ដែលជាយោធិនពិការរស់នៅភូមិ ឃុំច្រនាង ស្រុកបារាយណ៍ បានរំលឹករឿងរ៉ាវដ៏ជូរចត់នៅលើសមរភូមិក្នុងការវាយទប់ទល់មិនឲ្យកងទ័ពខ្មែរក្រហមត្រឡប់មកវិញ។ លោក កំសត់ បានលើកឡើងថា ដើម្បីជាតិមាតុភូមិ ជាពិសេសដោយសារការឆ្អែតឆ្អន់ជាមួយរបបដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម លោកបានសម្រេចចិត្តចូលបម្រើកងទ័ពនាទសវត្សរ៍ឆ្នាំ៨០ ដោយមិនសោកស្តាយ ហើយក៏មិនខ្លាចស្លាប់នោះដែរ។

យោធិនពិការរូបនេះ បានរំលឹកថា បន្ទាប់ពីបានចូលសមរភូមិក្នុងពេលប្រយុទ្ធគ្នាដ៏ស្រួចស្រាវលោកក៏បានត្រូវគ្រាប់របស់ខ្មែរក្រហម ដែលបាញ់ផ្លោងមក ហើយក៏ត្រូវធ្លាក់ខ្លួនពិការតែម្តង។ ពេលត្រូវគ្រាប់នោះ លោក សួង កំសត់ មិននឹកស្មានថា ខ្លួនអាចរស់រៀនមានជីវិតនោះឡើយ ប្រហែលជាត្រូវស្លាប់ចោលប្រពន្ធកូនទៅហើយ។

«កាលពីពេលនោះគ្រាន់តែរដ្ឋាភិបាលយើងអំពាវនាវ និងរើសកងទ័ពទៅវាយកម្ចាត់ពួក ប៉ុល ពត ភ្លាមៗ គឺខ្ញុំអត់មានរុញរាទេ គឺស្ម័គ្រចិត្តចូលភ្លាម ព្រោះយើងឆ្អែតឆ្អន់ជាមួយរបបកាប់សម្លាប់របស់ខ្មែរក្រហម។ ជាអកុសលពេលចូលសមរភូមិមិនបានប៉ុន្មាន ខ្ញុំក៏ត្រូវទ័ពខ្មែរក្រហមបាញ់ត្រូវ ហើយធ្លាក់ខ្លួនពិការតែម្តង»។ លោក សួង កំសត់ បញ្ជាក់។

យោធិនពិការម្នាក់ទៀត គឺ លោក អ៊ុក ប៊ុនសុង អតីតមេបញ្ជាការកងអនុសេនាធំផ្នែកសឹករងស្រុកបារាយណ៍ ក៏បានរៀបរាប់បង្ហាញពីទុក្ខវេទនាក្នុងសមរភូមិប្រយុទ្ធជាមួយខ្មែរក្រហមផងដែរ។ លោក អះអាងថា ព្រោះតែការស្អប់របបកាប់សម្លាប់របស់ខ្មែរក្រហមចិត្តរបស់លោកបានជំរុញរូបលោកឲ្យចូលសមរភូមិដោយគ្មានខ្លាងញញើតនោះឡើយ។

លោក ប៊ុនសុង បានរំលឹកថា នៅពេលទទួលបានការអំពាវនារបស់រដ្ឋាភិបាល និងឮដំណឹងនៃការជ្រើសរើសកងទ័ពបម្រើជាតិភ្លាម លោកក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ពភ្លាមផងដែរ។ «ពេលនោះខ្ញុំអត់មានបានគិតព្រួយបារម្ភ ឬខ្លាចពីគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ អ្វីដែលខ្ញុំគិតមុនគេ គឺខ្ញុំខ្លាចរបបដ៏ព្រៃផ្សៃរបស់ខ្មែរក្រហមវិលចូលមគ្រប់ដណ្តប់លើប្រទេសជាថ្មី ខ្លាចរបបនេះធ្វើបាបពលរដ្ឋយើងជាថ្មី អីចឹងគឺខ្ញុំសម្រេចចិត្តចូលបម្រើជាតិតែម្តង»

លោក អ៊ុក ប៊ុនសុង បានរំលឹកថា រូបលោកបានចូលសមរភូមិជាច្រើន ដើម្បីវាយកម្ចាត់កងទ័ពខ្មែរក្រហម ហើយនៅពេលមួយលោកបានត្រូវគ្រាប់បែករបស់កងទ័ពខ្មែរធ្វើឲ្យពិការមកដល់ពេលបច្ចុប្បន្នតែម្តង។

បើទោះបីជាត្រូវធ្លាក់ខ្លួនពិការក្នុងសមរភូមិសង្គ្រាមក្នុងពេលជម្លោះរវាងខ្មែរ និងខ្មែរយ៉ាងណាក្តី ទាំងលោក សួង កំសត់ និង លោក អ៊ុក ប៊ុនសុង មិនបានបង្ហាញការតូចចិត្តតូចថ្លើមអ្វីនោះឡើយ។ ការដែលមិនតូចចិត្តព្រោះតែលោកយល់ថា ភាពពិការរបស់លោកដោយសារតែបញ្ហារបស់ជាតិ ហើយមួយវិញទៀតភាពពិការរបស់លោកបានប្តូរយកមកវិញនូវសុខសន្តិភាពសម្រាប់ប្រទេសជាតិ និងនាំឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់អាចទទួលបានភាពសុខសាន្តចៀសផុតរបបដ៏យង់ឃ្នងរបស់បនប្រល័យពូជសាសន៍។

លោក សួង កំសត់ បានបញ្ជាក់ថា «អត់តូចចិត្តទេក្មួយ ព្រោះធ្វើម៉េចបើពេលនោះស្ថានការណ៍ប្រទេសជាតិវាតម្រូវឲ្យយើងត្រូវចូលសមរភូមិបែបនេះ។ បើយើងមិនចូលសមរភូមិ ហើយរបបខ្មែរក្រហមវិលមកគ្រប់ប្រទេសយើងវិញ តើជាតិយើងនឹងទៅជាយ៉ាងណា ពលរដ្ឋយើងទៅជាយ៉ាងណា បើរបបនេះលំបាកជាងស្លាប់ទៅទៀត។ អ៊ីចឹងហើយសម្រេចចូលសមរភូមិតែម្តង បើទោះយើងសម្លាប់ ឬ ពិការក៏មិនស្តាយដែរ ព្រោះជាតិរបស់យើង និងប្រជាជនយើងបានជួបសេចក្តីសុខ»

លោក អ៊ុក ប៊ុនសុង បានគិតថា ពិការភាពរបស់លោកក៏ដោយសាររបត់នយោបាយប្រទេសជាតិ ដែលអ្នកដឹកនាំជំនាន់មុនៗបង្កឡើង ដែលមិនគួរឲ្យកើតមានសម្រាប់ដែនដីកម្ពុជាជាថ្មីនោះឡើយ។

លោក ប៊ុនសុង និងលោក កំសត់ បានរំលឹកថា ស្ថានការណ៍របស់ប្រទេសជាតិដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ គឺបាននិងកំពុងធ្វើឲ្យប្រទេសជាតិមានភាពល្អប្រសើរច្រើនណាស់ហើយ។ បើធៀបកាលពីជាង ៣០ឆ្នាំមុន ពេលប្រទេសទើបរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយត្រូវទាហាន ប៉ុល ពត តាមរំខានជារៀងរាល់ថ្ងៃនោះ គឺមានការលំបាកខ្លាំងណាស់។

អតីតយុទ្ធជនដែលកំពុងរស់ក្នុងភាពពិការដោយសារភ្លើងសង្គ្រាមរវាងខ្មែរ និងខ្មែរពីអតីតកាលទាំងពីររូបនេះ បានឆ្លៀតរំលឹកទៅដល់យុវជនថា កលយុគក្នុងស្រុកខ្មែរ គឺបណ្តាលមកពីក្រុមអ្នកនយោបាយដែលស្រេកឃ្លានអំណាច ហើយខ្វះសមត្ថភាពក្នុងការដឹកនាំប្រទេស។ អតីតយុទ្ធជនទាំងពីរ បានប្រៀបធៀបថា អ្នកនយោបាយដែលនាំឲ្យកម្ពុជាជួបភ្លើងសង្គ្រាម គឺមិនខុសពីក្រុមមេដឹកនាំបក្សប្រឆាំងនាពេលបច្ចុប្បន្ននេះឡើយ។

លោក ប៊ុនសុង និងលោក កំសត់ បានមើលឃើញថា ក្រុមមេដឹកនាំបក្សប្រឆាំងដែលត្រូវតុលាការរំលាយ និងបិទសិទ្ធិធ្វើនយោបាយទៅនេះ គឺបានប្រើគ្រប់វោហារសាស្រ្តនយោបាយក្នុងលាបពណ៌ បង្កាច់បង្ខូចរាជរដ្ឋាភិបាលគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមរាជរដ្ឋាភិបាល។ អតីតយុទ្ធជនទាំងពីររូបនេះបានរំលេចថា អ្នកនយោបាយខ្មែរក្នុងសម័យសាធារណរដ្ឋខ្មែរ ដើម្បីឈានទៅការគ្រប់គ្រងអំណាច និងផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ ពួកគេបានប្រើប្រាស់វោហារសាស្ត្រដោយចោទប្រកាន់រឿងវៀតណាម ដណ្តើមទឹកដីដូចនឹងវោហារសាស្រ្តរបស់មេដឹកនាំអតីតបក្សប្រឆាំងនាពេលបច្ចុប្បន្ននេះផងដែរ។

អតីតយុទ្ធជនបានរំលឹកដល់យុវជនខ្មែរថា ភ្លើងសង្គ្រាមលំបាកខ្លាំងណាស់ ដូច្នេះយុវជនទាំងអស់មិនត្រូវស្តាប់តែតាមពាក្យអុជអាលដុតបញ្ឆេះកំហឹងរបស់អ្នកនយោបាយក្បត់ប្រយោជន៍ជាតិ និងស្រេកឃ្លានអំណាចនោះឡើយ ពោលត្រូវពិចារណាឲ្យបានម៉ត់ចត់ និងល្អិតល្អន់បំផុត មុននឹងជឿ ឬឈូឆរតាមការអំពាវនាវណាមួយរបស់អ្នកនយោបាយក្បត់ប្រយោជន៍ជាតិនោះ។

សូមបញ្ជាក់ថា ដើម្បីតបស្នងនូវគុណូបការៈនៃការពលីកម្មរបស់អតីតយុទ្ធជនខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីព្រះរាជទានមេដាយការពារជាតិដល់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បាននិងកំពុងនាំយកមេដាយការពារជាតិទាំងនេះចែកជូនបងប្អូនអតីតយុទ្ធជននៅគ្រប់បណ្តាខេត្តទាំងអស់។ នៅថ្ងៃម្សិលមិញនេះ លោកបាននាំយកមេដាយទាំងនេះទៅចែកជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំជិត ២ពាន់នាក់។

ក្រៅពីការផ្តល់មេដាយការពារជាតិ នាយឧត្តមសេនីយ៍ គន់ គីម តែងបានទាក់ទងភ្លាមៗទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំផ្តល់ផ្ទះដល់អតីតយុទ្ធជនរូបណាដែលកំពុងខ្វះលំនៅដ្ឋាន។ ការគិតគូរ និងការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឲ្យបងប្អូនអតីតយុទ្ធជនមានភាពកក់ក្តៅនៅក្នុងជីវិតរបស់ពួកគេក្នុងវ័យចំណាស់ និងបានគិតថា រាជរដ្ឋាភិបាលមិនបានបោះបង់ពួកគេដែលជាអ្នកតស៊ូដើម្បីបុព្វហេតុជាតិចោលនោះឡើយ៕