(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងថា ការរៀនច្រើន ចម្រើនជាតិ ពិតជាត្រឹមត្រូវណាស់ ឲ្យតែផ្តល់តម្លៃ លើការសិក្សា ទោះបីសិស្ស និស្សិត រឺក៏ព្រះសង្ឃ សុទ្ធតែចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក ជាម ច័ន្ទសោភ័ណ្ឌ អញ្ជើញកាត់បើកវិញ្ញាសារ ប្រឡងចូលរៀន ពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ដែលរៀបចំឡើង ដោយមន្ទីរធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ ជាមួយសាលាគណខេត្ត នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ។
អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងយ៉ាងដូច្នេះថា «រៀនច្រើន ចម្រើនជាតិ ពិតជាត្រឹមត្រូវណាស់ សុភាសិតមួយនេះ សូម្បីតែព្រះសង្ឃ ក៏មានឱកាសចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងផង ដែរ ពីព្រោះព្រះសង្ឃគ្រប់អង្គ គឺជាពលរដ្ឋកម្ពុជាម្នាក់ មានសិទ្ធិស្មើគ្នា ឲ្យតែមានការផ្តល់តម្លៃសិក្សារៀនសូត្រ ជាពិសេសអាចក្លាយ ជាថ្នាក់ដឹកនាំក្នុងជួរគណៈសង្ឃ រឺក៏ជួររដ្ឋាភិបាល»។
លោកសង្ឃឹមថា បេក្ខសណមៈ/ បេក្ខជនប្រឡងទាំងអស់ ខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ ដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិ ដែលសុទ្ធសឹងជាគ្រាប់ពូជធនធាន ដ៏មានតម្លៃសម្រាប់វិស័យ ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល។
លោកក៏បានផ្តាំផ្ញើដល់បេក្ខសមណៈ និងបេក្ខជនប្រឡងទាំងអស់ ត្រូវអនុវត្តតាម ទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សា មិនត្រូវគូសសញ្ញាសម្គាល់ លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិច មិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ។
លោក ជាម ច័ន្ទសោភ័ណ្ឌ បញ្ជាក់ថា ជាពិសេសសូមឲ្យ មេប្រយោគប្រឡង មេត្ដាយក ចិត្តទុកដាក់ ផ្តល់នូវភាពសុក្រិតចំពោះការប្រឡង និងសូមជូនពរ ឲ្យដំណើរការប្រឡង ប្រព្រឹត្តិទៅដោយរលូន និងទទួលបាននូវជោគជ័យគ្រប់ៗគ្នា។
បើតាមលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ មានពុទ្ធិកបីកម្រិត គឺ ពុទ្ធិកបឋមសិក្សា, ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សរុបមាន១៤កន្លែង ហើយមានសមណសិស្ស សរុបចំនួន ១,២៧៩ អង្គ/នាក់។
លោកបន្ដថា ដោយឡែកនៅថ្ងៃនេះ មានបេក្ខសមណៈ/បេក្ខជន ប្រឡងសរុបចំនួន ២៦២អង្គ/នាក់ ចែកចេញជា ១១បន្ទប់ ដោយក្នុង១បន្ទប់មាន ២៣ ទៅ២៤ អង្គ/នាក់។ ចំណែកឯ មេប្រយោគ មាន៤៧អង្គ/នាក់។
លោក ហាក់ ហុន បានបន្ដទៀតថា ចំពោះការប្រឡងមានរយៈពេល១ថ្ងៃពេញ ចែកចេញជា៤វិញ្ញាសាប្រឡង ដោយពេលព្រឹកប្រឡង២វិញ្ញាសា៖ ភាសាបាលី រយៈ២ម៉ោង និងសរសេរតាមអាន រយៈពេល២ម៉ោង ចំណែកឯពេលល្ងាច មាន២វិញ្ញាសា គឺវិញ្ញាសាវិន័យ រយៈពេល២ម៉ោង និងគណិតវិទ្យារយៈពេល២ម៉ោង៕