(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានស្នើសុំឱ្យបង្កើនមូលនិធិកសាងសន្តិភាព សម្រាប់អង្គការសហប្រជាជាតិ កន្លះពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែការស្នើនេះកើតមានឡើង នៅចំពេលសហរដ្ឋអាមេរិក បានប្រកាសពីគំរោងកាត់បន្ថយជំនួយរបស់ខ្លួន ដល់ស្ថាប័នធំបំផុតនៃអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ លោក Antonio Guterres បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បរាជ័យក្នុងការបង្កើនហិរញ្ញវត្ថុ កសាងសន្តិភាព នឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការជួយសង្រ្គោះជីវិតនៅបណ្ដាប្រទេសមានជម្លោះឱ្យមានស្ថេរភាព ព្រមទាំងការការពារប្រជាជនពីការឈឺចាប់ទាំងឡាយ។ ដូច្នេះខ្ញុំជំរុញឱ្យបណ្ដាប្រទេសជាសមាជិកទំាងអស់ បង្កើនការផ្ដល់ជំនួយឲ្យដល់ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ»។
គួររំលឹកថា បើតាមលោក Antonio Guterres កាលពីឆ្នាំ២០០៦ មូលនិធិគាំទ្រដល់សកម្មភាពនានា កម្មវិធី និងអង្គការសម្រាប់កិច្ចការសន្តិភាព នៅក្នុងប្រទេសទើបងើបចេញពីជម្លោះ គឺជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់ការស្វែងរកសនិ្តភាព និង ជំរុញឱ្យមានការទម្លាក់កញ្ចប់ថវិកាជាបន្តបន្ទាប់។ រដ្ឋបាល ដូណាល់ ត្រាំ បានធ្វើការផ្តាច់ជំនួយទៅកាន់បណ្តាប្រទេសជាច្រើន ដោយសារតែខ្លួនចង់យកថវិកាទាំងនោះ មកធ្វើការអភិវឌ្ឍន៍សេវាសាធារណៈនានា នៅក្នុងប្រទេសរបស់ខ្លួនជាសំខាន់៕