(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នាថ្ងៃទី០៧ ខែមីនាស្អែកនេះហើយ ដោយមាន ៩ប្រកួតលើទីលាន ៩ផ្សេងគ្នា ខណៈជំនួបរវាងក្រុមយុវជនក្រសួងការពារជាតិ និងបាល់ទាត់ខេត្តត្បូងឃ្មុំ ធ្វើនៅទីលានពហុកីឡដ្ឋានជាតិ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។ នេះបើតាមការឲ្យដឹងពីមន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។

សូមបញ្ជាក់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ គឺបែងចែកជា ២ពានផ្សេងគ្នា រួមមានពានរង្វាន់ថ្នាក់ខេត្ត និងពានរង្វាន់ថ្នាក់ជាតិ។ ចំពោះពានរង្វាន់ថ្នាក់ខេត្ត ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតស្អែកនេះ នឹងមានក្រុមតំណាងខេត្តនីមួយៗ រួមទាំងក្រុមសមាជិកលីគលំដាប់ទី២ ចំនួន ៤ក្រុមចូលរួម ដូចជាក្រុមគិរីវង់សុខសែនជ័យ, មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា, យុវជនក្រសួងការពារជាតិ និងក្រុមសាលាបាល់ទាត់ជាតិបាទី។

សម្រាប់ពានរង្វាន់ថ្នាក់ជាតិ គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែកក្កដា ដោយសមាសភាពក្រុមចូលរួម គឺមានក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ៤ក្រុម និងក្រុមសមាជិកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ចំនួន ១២ក្រុម។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី១ សម្រាប់ពានថ្នាក់ខេត្ត នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨៖