(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នៅព្រឹកថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំង​ស្ត្រីដែលជាមន្ត្រីរាជការ របស់រដ្ឋបាលរាជធានីភ្នំពេញ ចំនួនជាង២៤០នាក់។

លោកស្រី មុំ សណ្តាប់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ បាន​លើកឡើងថា ការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍» នេះឡើងក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធ៌មអហិង្សា ដែលរាជរដ្ឋាភិបាល បាន​និងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធីផងដែរ។

លោកស្រីបន្តថា អភិបាលរាជធានី​បានផ្តល់កាដូច្រើនណាស់ សម្រាប់បងប្អូនជាស្រ្តីនៅរាជធានីភ្នំពេញ ដោយបានផ្តល់ការយកចិត្តទុកដាក់ ផ្តល់កម្លាំងចិត្ត និងបានផ្តល់ជាកាដូ ថវិកា៣០ម៉ឺនរៀល ក្នុងម្នាក់ៗក្នុងពិធីនេះថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា បងប្អូននារី ជាធនធានមនុស្សមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ដោយបងប្អូននារី បានបំពេញការងារ​បម្រើឲ្យសង្គមជាតិយ៉ាងច្រើន និ​ងមិនខ្លាចនឿយហត់​។

លោកបន្តថា ពិធីនេះធ្វើឡើងដើម្បីរំលឹកឡើងវិញ ពីវីរភាពរបស់ស្ត្រី ដែលបានប្រឆាំង​នឹង​លក្ខខណ្ឌ​ការងារ តួនាទីរបស់ស្រ្តីក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍន៏ ការជំរុញឲ្យបញ្ឃប់នូវ ការរើស​អើង ព្រមទាំងការ​ពង្រឹង​ឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

លោកបន្តថាប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះ ទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

បើតាមលោកអភិបាលរាជធានីភ្នំពេញ សិទ្ធិនារី មិនមែនមាន តែមួយថ្ងៃនេះទេ គឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបាន​លើកតំកើនយូរមកហើយ នេះបើមើលតាមរយៈភាសារ និងអក្សរ ដូចជាមេបា មេទ័ព មេក្លោងជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតឲ្យមាន​ច្បាប់​ដើម្បីឲ្យស្រ្តីដឹកនាំ ក្នុងមួយស្ថាប័នយ៉ាងតិចមួយនាក់ផងដែរ សម្រាប់ថ្នាក់ជាតិ និងក្រោមជាតិ។

គួរបញ្ជាក់ថាក្នុងពិធីនេះ បងប្អូនស្ត្រីទាំងអស់ទទួលកាដូពី លោកអភិបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងម្នាក់ៗទទួលបាន ថវិកា៣០ម៉ឺនរៀល៕