(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិភាក្សាអំពីរបាយការណ៍ ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ ២០១៧។
សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមីនានេះ បានបញ្ជាក់ថា គោលបំណងនៃការត្រួតពិនិត្យវឌ្ឍនភាព និងការវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺដើម្បីពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តផែនការ សកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ដើម្បីកំណត់ភាពខ្លាំង និងភាពខ្សោយនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការបង្ហាញនូវលទ្ធផលក្នុងឆ្នាំ (Outputs), វឌ្ឍនភាពប្រចាំឆ្នាំ ២០១៧ និងលទ្ធផលចុងក្រោយ (Outcomes) ដោយប្រើប្រាស់ក្របខ័ណ្ឌចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (Framework for Public Expenditure and Financial Accountability-PEFA) ឆ្នាំ ២០១១, ទិន្នន័យឆ្នាំ ២០១៤-២០១៦ និងវឌ្ឍនភាពមូលដ្ឋាន ឆ្នាំ ២០១៧ ។
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានជម្រាបជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវលទ្ធផលសម្រេចបានឆ្នាំ ២០១៧ ដូចខាងក្រោម៖
១៖ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តយុទ្ធសាស្រ្តកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ។ តាមរយៈយុទ្ធសាស្រ្តនេះ, រដ្ឋាភិបាលអនុវត្តដូចតទៅ៖ ១.មិនមានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី, ២. ពង្រឹងច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់, ៣. ពង្រឹងការគ្រប់គ្រងការប្រមូលចំណូលឱ្យអស់សក្តានុពលដែលមានស្រាប់ និងធានាឱ្យបាននូវភាពងាយស្រួល និងភាពត្រឹមត្រូវនៃការបង់ពន្ធ ។ ការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលដ៏ម៉ឺងម៉ាត់នេះ បានផ្តល់ផ្លែផ្កាជាបន្តបន្ទាប់, បើគិតជាមធ្យមចាប់ពីឆ្នាំ ២០១៣-២០១៧, ចំណូលចរន្តកើនឡើងប្រមាណ ០.៩៦ ពិន្ទុភាគរយនៃ ផ.ស.ស. ក្នុងមួយឆ្នាំ ។ ជាទិសដៅបន្ទាប់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំក្របខ័ណ្ឌគោលនយោបាយពន្ធរយៈពេលមធ្យម (២០១៩-២០២៣) ។
២៖ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តដំណាក់កាលទី ១ នៅឆ្នាំ ២០១៤ និងដំណាក់កាលទី ២ នៅឆ្នាំ ២០១៧ ។ មុខងារស្នូល និងចំណាត់ថ្នាក់ថវិកាត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ជាបន្តបន្ទាប់ស្របតាមជំហានយុទ្ធសាស្រ្តនៃប្រព័ន្ធ ។ ជាក់ស្តែង, មុខងារស្នូលទាំង ៦ ត្រូវបានដាក់បញ្ចូលប្រព័ន្ធ រួមមាន៖ ១.មុខងារវិភាជន៍ថវិកា, ២. មុខងារគណនីត្រូវសង, ៣. មុខងារគណនីត្រូវទារ, ៤. មុខងារគ្រប់គ្រងសាច់ប្រាក់, ៥. មុខងារទិញ និង ៦. មុខងារសៀវភៅធំ ។ សម្រាប់ជំហានបន្ទាប់ មុខងារ ៤ បន្ថែមទៀត រួមមាន មុខងាររៀបចំថវិកា, មុខងារលទ្ធកម្ម, មុខងារគ្រប់គ្រងទ្រព្យសម្បត្តិ និងមុខងារគ្រប់គ្រងសន្និធិ ។
ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការកែសម្រួលប្លង់គណនេយ្យថ្មី ឱ្យស្របតាមស្តង់ដារអន្តរជាតិ និងបានរៀបចំ និងដាក់ឱ្យអនុវត្តប្រកាសស្តីពីការដាក់ឱ្យអនុវត្ត ចំណាត់ថ្នាក់ថវិកាទាំង៧ រួមមាន ១.ចំណាត់ថ្នាក់អង្គភាពប្រតិបត្តិ និងរដ្ឋបាល, ២. ចំណាត់ថ្នាក់ភូមិសាស្ត្រ, ៣.ចំណាត់ថ្នាក់សេដ្ឋកិច្ច, ៤.ចំណាត់ថ្នាក់កម្មវិធី, ៥.ចំណាត់ថ្នាក់មុខងារ, ៦.ចំណាត់ថ្នាក់គម្រោង និង ៧.ចំណាត់ថ្នាក់មូលនិធិ ។ ជាក់ស្តែង ការអនុវត្តចំណាត់ថ្នាក់នេះ គឺត្រូវធ្វើជាដំណាក់កាល ស្របតាមទិសដៅនៃកម្មវិធីកែទម្រង់ ។ រហូតមកដល់ឆ្នាំ ២០១៧ នេះ ចំណាត់ថ្នាក់ថវិកាចំនួន ៣ ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រព័ន្ធ FMIS រួមមាន៖ ១.ចំណាត់ថ្នាក់អង្គភាពប្រតិបត្តិ និងរដ្ឋបាល (ត្រឹមកម្រិត ១), ២.ចំណាត់ថ្នាក់សេដ្ឋកិច្ច, ៣.ចំណាត់ថ្នាក់កម្មវិធី។
៣៖ នៅឆ្នាំ ២០១៨, ក្រសួង-ស្ថាប័នចំនួន ១០ នឹងអនវុត្តប្រព័ន្ធ FMIS រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកិច្ចការនារី, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ បន្ថែមពីនេះ, អង្គភាពហិរញ្ញវត្ថុ និងគ្រប់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ គឺត្រូវអនុវត្តប្រព័ន្ធ FMISនេះដែរ ។
៤៖ ការអនុវត្តថវិកាកម្មវិធី ត្រូវបាន និងកំពុងដាក់ឱ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្ត ។ ជាវឌ្ឍនភាព, ក្រសួង-ស្ថាប័ន ចំនួន ១០ អនុវត្តថវិកាកម្មវិធី សម្រាប់ឆ្នាំ២០១៥, ក្រសួង-ស្ថាប័ន ចំនួន ១៥ សម្រាប់ឆ្នាំ ២០១៦ និងក្រសួង-ស្ថាប័ន ចំនួន ១១ សម្រាប់ឆ្នាំ ២០១៧ និង ក្រសួង-ស្ថាប័ន ចំនួន ៣ សម្រាប់ឆ្នាំ ២០១៨ ដែលសរុបចំនួន ៣៩ ។ រីឯ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធីចាប់តាំងឆ្នាំ ២០១៧-២០២០ ដោយក្នុងនោះរដ្ឋបាលខេត្តចំនួន ៦ ចូលអនុវត្តថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០១៧ និង ៦ ទៀត ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០១៨ ។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបណ្តុះបណ្តាលលើការរៀបចំផែនការយុទ្ធសាស្រ្តថវិកា, ការរៀបចំ និងអនុវត្តថវិកាកម្មវិធី, នីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងនីតិវិធីចំណាយរជ្ជទេយ្យបុរេប្រទាន ជាដើម ។
ជាមួយគ្នានេះ, ដើម្បីកំណត់ទិសដៅប្រព័ន្ធថវិកាកម្ពុជាឱ្យបានច្បាស់លាស់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តួចផ្តើមរៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តនៅថ្ងៃ ១២ ខែ មករា ឆ្នាំ ២០១៨ កន្លងមក។ តាមយៈយុទ្ធសាស្រ្តនេះ ប្រព័ន្ធថវិកាកម្ពុជា គឺជាប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ។
ជារួមលទ្ធផលនៃការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានដូចខាងក្រោម៖
១៖ ភាពជឿទុកចិត្តនៃថវិកានៅតែរក្សាបានជាសារវន្ត ប៉ុន្តែទាមទារឱ្យមានការពង្រឹងការព្យាករ និងការអនុវត្តកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស ។
២៖ ប្រព័ន្ធគណនេយ្យភាពបាននិងកំពុងកសាងតាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដំណាក់កាលទី ២ ជាមួយភាពប្រុងប្រយ័ត្ន ។
៣៖ ការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ។
៤៖ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ជាសមាសធាតុសំខាន់សំរាប់កំណត់ទិសដៅប្រព័ន្ធថវិកា សមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
៥៖ ការរៀបចំប្រព័ន្ធលើកទឹកចិត្ត នឹងជំរុញការធ្វើស្ថាប័ននីយកម្មឱ្យស្របតាមការធ្វើទំនើបកម្មនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លោកបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ អ.គ.ហ. ដែលបានរៀបចំ របាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគ្រប់ជ្រុងជ្រោយ ដោយឆ្លុះបញ្ចាំងទាំងទិដ្ឋភាពការងារកែទម្រង់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕