(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម របស់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានឲសហការជាមួយ វិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃ King Mongkut’s University of Technology Thonburi (KMUTT) និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រទេសថៃ បានរៀបចំសិក្ខាសាលាស្តីពី «ការកំណត់យុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍សមត្ថភាពលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំឡើងនៅ សណ្ឋាគារសាន់វ៉េ។
សិក្ខាសាលានេះ រៀបចំឡើងក្រោមកម្មវិធីគំនិតផ្តួចផ្តើម ដើម្បីបង្កើតជាវេទិកាសហគ្រិនភាព និងនវានុវត្តន៍បើកទូលាយអាស៊ាន ដែលជាឧបករណ៍មួយ ក្នុងការចូលរួមអនុវត្ត នូវផែនការការសកម្មភាព អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តឆ្នាំ២០១៦-២០២៥ ក្រោមអធិបតី លោកបណ្ឌិតទឹង ស៊ីនី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការ សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តំណាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្នាក់ដឹកនាំ-មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងមកពីអន្តរក្រសួង វិស័យឯកជន និងថ្នាក់ដឹកនាំ-ជំនាញការជាន់ខ្ពស់មកពីវិទ្យាស្ថាន គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសថៃ សរុបប្រមាណ៥០នាក់។
លោកមបណ្ឌិត ទឹង ស៊ីនី បានលើកឡើងថា «ដោយមានការរីកចំរើនឥតឈប់ឈរ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅលើសកលលោកយើងនេះធ្វើឲ្យវិស័យនេះក្លាយជារនាំង ដល់ធនធានមនុស្សដែលមានចំណេះដឹងនៅ មានកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទាយយកប្រយោជន៍ ហើយសម្រាប់សហគមអាស៊ាន ដែលមានប្រទេសកម្ពុជា ជាប្រទេសសមាជិកដែរ ក៏កំពុងជួបប្រទះនូវបញ្ហាកង្វះខាតធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះផងដែរ ដូចជាឧស្សាហកម្ម៤.០ ឬក៏ផលិតកម្មវៃឆ្លាត ដែលទាមទារធនធានមនុស្ស ដែលមានចំណេះដឹង ជំនាញខ្ពស់ និងពិតប្រាកដ»។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជាគឺ៖
១៖ ដើម្បីផ្លាស់ប្តូយោបល់ប្រមូលធាតុចូលពីភាគីនានាដែលមកពីវិស័យសាធារណៈ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន ពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងដើម្បីកំណត់នូវចំនុចខ្វះខាតនានាក្នុងការធ្វើយ៉ាងណារៀបចំកំណត់នូវយុទ្ធសាស្ត្រផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនៅកម្ពុជាឲ្យត្រឹមត្រូវតាមតម្រូវការជាក់ស្តែង និងសមស្របតាមបរិបទសាកលផងដែរ។
២៖ ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់នូវយុទ្ធសាស្ត្រ និងតម្រូវការការអភិវឌ្ឍន៍ធនធានមនុស្សពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា
៣៖ ដើម្បីធ្វើយ៉ាងណាឲ្យធនធានមនុស្សកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់នូវ វេទិកាសហគ្រិនភាព និងនវានុវត្តន៍បើកទូលាយអាស៊ាន (ASEAN Open Innovation & Entrepreneurship Platform) សម្រាប់ជួយដល់វិស័យជាក់លាក់ណាមួយនៅកម្ពុជា៕