(ភ្នំពេញ)៖ សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួល​ជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី​​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរ​ជាតិនារី ៨​មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះគឺជាឱកាសដ៏ល្អ​ប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏ មហិមារបស់ស្រ្តីនៅលើពិភពលោក ដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូ​លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ​ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។

សម្ដេចប្រធានរដ្ឋសភា បានបន្ថែមថា ថ្ងៃទី៨​មីនា គឺជាទិវាដែលផ្តល់​កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែល​ទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្ត​ជម្រុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជា​ឲ្យកាន់តែមានភាព​ប្រសើរ និងថ្លៃថ្លាថែមទៀត។

​បន្ថែមពីនេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៌របស់រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាព នៃទីក្រុង​ប៉េកាំង ដែលបានដាក់ចេញនៅក្នុងសន្និសីទ ស្រ្តីពិភពលោកលើកទី៤ ឆ្នាំ១៩៩៥ គោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិស្តីពី «ស្ត្រី សុខសន្តិភាព និងសន្តិសុខ»។

ការជ្រើសរើសប្រធានបទ​ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» សម្រាប់ទិវា៨​មីនា ​ឆ្នាំ២០១៨​នេះ ពិតជាមាន​សារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកល ជាពិសេសសម្រាប់កម្ពុជា​ដែល​ជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។

សម្តេចបន្ដថា ជាការពិតណាស់​សន្តិភាព​ពិតមាន​សារៈសំខាន់ និងមិនអាចខ្វះបាន ហើយវាគឺជាបំណងប្រាថ្នារបស់ទាំងអស់គ្នា ព្រោះបើមាន​សុខសន្តិភាព គឺមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែង ក៏ជាកាលានុវត្ត​ភាព របស់ស្រ្តីចូលអភិវឌ្ឍសង្គមជាតិ។ ផ្ទុយទៅវិញ​ជម្លោះ និងអំពើហិង្សា គឺជាឧបសគ្គដ៏ ចម្បងនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ហើយធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និង​ផ្លូវចិត្តបុគ្គល ជាពិសេសអំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ហើយផ្តល់ផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកូនរបស់ពួកគេ។

ជាក់ស្តែង​សង្គ្រាមនៅ​កម្ពុជា​ដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ បានបង្ករនូវសោកនាដកម្មយ៉ាងជូរចត់ និងបន្សល់ទុកនូវក្តីទុក្ខវេទនា និងការលំបាកដ៏ធ្ងន់ធ្ងរ ចំពោះស្រ្តីកម្ពុជា​ដោយធ្វើឲ្យស្រ្តីជា​ច្រើនសែននាក់ត្រូវវិនាស ព្រាត់ប្រាសគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្រ ហើយបាន​ក្លាយខ្លួនជាស្រ្តីមេម៉ាយ និងរស់ក្នុងសភាពក្រីក្រ ទុរគត និងភ័យខ្លាច រកអ្វីមកប្រៀបផ្ទឹម​ពុំបានឡើយ៕