(ព្រះសីហនុ)៖ រថយន្តដឹកទឹកកកមួយគ្រឿង និងរថយន្តដឹកកម្មករ៤គ្រឿង បានបុកបន្តកន្ទុយគ្នាបណ្តាលឲ្យកម្មករ កម្មការិនីរបួសធ្ងន់ស្រាលប្រមាណ ៣៥នាក់ នៅម៉ោង ៧៖១៥នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ Fresh News ឲ្យដឹងថា រថយន្តដឹកកម្មករដែលជួបគ្រោះថ្នាក់ កំពុងធ្វើដំណើរដឹកកម្មករ កម្មការិនីចូលទៅបម្រើការងារនៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងចំណោមជនរងគ្រោះនេះ មាន៣នាក់របួសធ្ងន់ ហើយ ៣២នាក់របួសស្រាល ហើយក្នុងចំណោមអ្នករបួសនេះមានបុរសទាំង ៣នាក់ប៉ុណ្ណោះ។

លោកឧត្តមសនីយ៍ស្នងការ មិនទាន់បង្ហាញពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរនេះឡើយទេ។ ទោះជាយ៉ាងណាក្រោយពេលកើតហេតុភ្លាមៗ កងកម្លាំងសតម្ថកិច្ចបានជួយសម្រួលដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕