(សៀមរាប)៖ វាគ្មិនអន្តរជាតិល្បីៗប្រមាណ ៣៥០នាក់ កំពុងចូលរួមចែលរំលែកបទពិសោធន៍ក្នុងសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរពេញចិត្ត នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។

ពិធីបើកសន្និសីទនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO សកលវិទ្យាល័យ USC លេខាធិការដ្ឋានអាស៊ាន និងសកលវិទ្យាល័យរដ្ឋរុស្សី ផ្នែកទេសចរណ៍ និងសេវាកម្ម។

គួរបញ្ជាក់ថា ក្រៅពីសន្និសីទខាងលើ ក៏មានកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទេស្ទក៍ទេសចរណ៍អាស៊ាន និងការកំណត់ យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគតផងដែរ។

ព្រឹត្តិការណ៍ខាងលើនេះ នឹងត្រូវបានចូលរួមដោយប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ប្រទេសរុស្សី មជ្ឈមណ្ឌល អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជា រួមជាមួយវាគ្មិនល្បីៗមកពីជុំវិញពិភពលោកប្រមាណ ៣៥០នាក់។

សូមជម្រាបថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរក្នុងតំបន់អាស៊ានខ្លួនឯង កើនឡើង ៨.៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរអន្តរជាតិ ១៧៥លាននាក់ កើនឡើង ៦.៧%៕