(កោះកុង)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» គឺជាប្រធានបទសំខាន់ ត្រូវនឹងបរិបទបច្ចុប្បន្ននេះ ព្រោះថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ ដូចជាការធ្វើដំណើរកាត់ព្រៃមកខេត្តកោះកុងរបស់យើង បើគ្មានសន្តិភាព ក៏យើងមិនអាចមកជួបជុំគ្នានៅថ្ងៃនេះបានឡើយ។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបែបនេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ នៅសណ្ឋាគារ កោះកុងស៊ីធី ខេត្តកោះកុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន១០៣នាក់។
លោកថ្លែងទៀតថា «យើងបានស្តាប់ និងយល់ដឹងពីប្វរត្តិនៃការតស៊ូរបស់នារី ហើយយើងក៏ចង់ឱ្យមានសមភាពយេនឌ័រ នៅក្នុងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។ ថ្ងៃនេះក៏ជាឱកាសល្អផងដែរ ដែលយើងមករៀបចំកម្មវិធីអន្តរជាតិនារីនៅខេត្តទី១ ដែលមានអភិបាលខេត្តជានារី»។
ទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ និងអំពាវនាវឱ្យនារីខ្មែរពង្រឹងសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ដោយនាំគ្នាទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដាខាងមុខ ឱ្យបានគ្រប់ៗគ្នា។
លោកបញ្ជាក់ផងដែរថា នៅក្នុងពិភពលោកមានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើង បានទទួលផលប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ស្ពាន អគ្គិសនី និងទឹកស្អាតប្រើប្រាស់។ សព្វថ្ងៃ រាជរដ្ឋាភិបាល ក៏បានខិតខំដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម ហើយពេលអ្នកគ្រូ លោកគ្រូ មន្រ្តីរាជការ និងកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ លើសពីនេះ ពេលចាស់ទៅកម្មករយើង មានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ ៕