(ភ្នំពេញ)៖ តំបន់ព្រៃឡង់ ត្រូវបានអះអាងថាជាតំបន់មានគម្របព្រៃឈើនៅសេសសល់ធំជាងគេក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ បើទោះបីមានកិច្ចខិតខំការពារយ៉ាងណាព្រៃឈើនៅតំបន់ព្រៃឡង់ត្រូវបានរាយការណ៍ថានៅតែរងការកាប់បំផ្លាញពីក្រុមប្រជាពលរដ្ឋយកទៅលក់ឲ្យឈ្មួញ។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារព្រៃឈើនៅតំបន់ព្រៃឡង់ក្រសួងបរិស្ថាន សង្គមស៊ីវិល និងវិស័យឯកជនបានចុះហត្ថលេខាត្រីភាគីលើកិច្ចព្រមព្រៀងគម្រោងការអភិរក្សព្រៃឈើតំបន់ព្រៃឡង់ ក្នុងគោលបំណងរួមគ្នាការពារ និងអភិរក្សព្រៃឈើតំបន់ព្រៃឡង់។ ពិធីចុះហត្ថលេខារួមគ្នារវាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ(CI) និងក្រុមហ៊ុន MITSUI Co.,LTD របស់ប្រទេសជប៉ុននៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីនោះថា អ្វីដែលបានខិតខំប្រឹងប្រែងធ្វើអស់រយៈពេល៨ឆ្នាំមកហើយនោះ បានលេចចេញជាផ្លែផ្កានៅថ្ងៃនេះ។ គោលបំណងនៃកិច្ចសហប្រតិបត្តិនេះ គឺរួមគ្នា ថែរក្សាការពារធនធានព្រៃឈើ និងអភិរក្សធនធានធម្មជាតិ និងគុណភាពបរិស្ថានយូរអង្វែង។ ជាពិសេសកិច្ចព្រមព្រៀងនេះ បានរួមចំណែកក្នុងការពង្រឹង ការអនុវត្តច្បាប់ ការអភិវឌ្ឍន៍សហគមន៍ និងជីវចម្រុះក្នុងតំបន់ព្រៃឡង់បានគង់វង្សផងដែរ។
លោក អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណដល់ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមសហការ និងគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែង ក្នុងការបំពេញភារកិច្ចស្នូលរបស់ក្រសួងបរិស្ថានក្នុងបុព្វហេតុគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ហើយគុណតម្លៃដ៏មហាសាលនៃបរិស្ថានយើង មិនមែនសម្រាប់ តែកម្ពុជា ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់លើសកលលោក។
តំបន់ព្រៃឡង់ស្ថិត ក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលមានផ្ទៃដីព្រៃឡង់សរុប ៤៣១.៦៨៣ ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន ១២០.០០០ហិកតា ត្រូវបានដាក់ក្នុងគម្រោងអភិរក្សនេះក្នុងជំហានទី១ និងជំហានទី២គ្របដណ្តប់តំបន់ព្រៃឡង់ទាំងមូល។
ក្រសួងបរិស្ថានបានចាត់ទុកសមិទ្ធផលនៃកិច្ចព្រមព្រៀងនេះថា ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ថ្ងៃទី២២ ខែសីហា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងបានដឹកនាំកិច្ចប្រជុំក្នុងគោលបំណងជាយុទ្ឋសាស្រ្ត និង ចក្ខុវិស័យធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាគាំពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។
ដោយឡែកក្នុងក្របខណ្ឌអន្តរជាតិវិញ សកម្មភាពនេះជាទំនួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ក្នុងនាមកម្ពុជាជាសមាជិកនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)៕