(ភ្នំពេញ)៖ ស្រ្តីចំនួន៤នាក់មានលុយដាក់ចងការ ហើយត្រូវបានស្រ្តីម្នាក់ខ្ចី ពេលនោះដោយសារតែឃើញស្រ្តីនោះ បើកសុទ្ធតែរថយន្ត ឡិចស៊ីស៣៣០ និងមានផ្ទះធំ ទ្រនំខ្ពស់ផង និងអះអាងថា ជាគ្រូពេទ្យទាំងប្ដីទាំងប្រពន្ធទៀតនោះ ក៏យល់ព្រមឲ្យខ្ចី តែនៅទីបំផុតស្រ្តីនោះ បានបោកប្រាស់អស់ទាំងដើម ទាំងការអត់សងសូម្បី១រៀល ព្រមទាំងលក់ផ្ទះសម្បែងលក់ឡានទំនើប រួចវេចបង្វិចដាក់មេប្រូចគេចខ្លួនបាត់គា្ម នអាឡ័យឡើយ។
បន្ទាប់មកម្ចាស់បំណុលទាំង៤នាក់ខាងលើ បាននាំគ្នាធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ និងសមត្ថកិច្ចដាក់ពាក្យប្ដឹងនៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា ស្រ្តីជាប់ចោទជាជនឆបោកនោះ ត្រូវបានគេស្គាល់ឈ្មោះសេង ធានី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ មុខរបរជាគ្រូពេទ្យ។
ដោយឡែក អ្នកដាក់ពាក្យប្ដឹងមានគ្នា៤នាក់ ដែលសុទ្ធតែជាអ្នកចាញ់បោកស្រ្តីជើងឆើតខាងលើ ក្នុងនោះត្រូវបានគេស្គាល់អត្តសញ្ញាណ៣នាក់គឺមាន ទី១៖ ឈ្មោះ អ៊ុ សុភី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរមានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ខាតបង់លុយអស់ចំនួន៤៤,៥០០ដុល្លារ, ទី២៖ ឈ្មោះ សុខ រដ្ឋស្រីនួន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខាតបង់លុយអស់ចំនួន៣,០០០ដុល្លារ, ទី៣៖ ឈ្មោះ អ៊ូ ស្រីទូច អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខាតបង់អស់លុយចំនួន៤,០០០ដុល្លារ។
រីឯស្រ្តីម្នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះទេ ខាតបង់លុយអស់ចំនួន៣៥,០០០ដុល្លារ។ សរុបអ្នកទាំង៤នាក់ បានខាតបង់លុយចំនួន៨៦,៥០០ដុល្លារ ដែលត្រូវស្រ្តីខាងលើខ្ចីកាលពីឆ្នាំ២០១៧ខ្លះ និងដើមឆ្នាំ២០១៨ខ្លះ ហើយក៏នៅមានអ្នកផ្សេងមួយចំនួនទៀត ក៏បានចាញ់បោកស្រ្តីនោះដែរប៉ុន្តែអត់ទាន់ទៅប្ដឹងឡើយ។
បន្ទាប់ពីទារអត់បាន ពួកគាត់បានដាក់ពាក្យបណ្ដឹងទប់ស្កាត់ នៅសាលាសង្កាត់ចោមចៅ ឲ្យអាជ្ញាធរជួយទប់ស្កាត់ កុំឲ្យកូនបំណុលលក់ផ្ទះដែរ ប៉ុន្តែទីបំផុតអាជ្ញាធរនៅតែស៊ីញ៉ឲ្យស្ត្រីនោះលក់ផ្ទះបាត់ដដែល៕