(កោះកុង)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ នៅសណ្ឋាគារកោះកុងស៊ីធី ខេត្តកោះកុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន១០៣នាក់។
ថ្លែងទៅកាន់អង្គពិធី លោកទេសរដ្ឋមន្រ្តីបានថ្លែងថាប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» គឺជាប្រធានបទសំខាន់ ត្រូវនឹងបរិបទបច្ចុប្បន្ន ព្រោះថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។ ដូចជាការធ្វើដំណើរកាត់ព្រៃមកខេត្តកោះកុងរបស់យើង បើគ្មានសន្តិភាព ក៏យើងមិនអាចមកជួបជុំគ្នានៅថ្ងៃនេះបានឡើយ។ យើងបានស្តាប់ និងយល់ដឹងពីប្រវត្តិនៃការតស៊ូរបស់នារី ហើយយើងក៏ចង់ឱ្យមានសមភាពយេនឌ័រនៅក្នុងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។ ថ្ងៃនេះក៏ជាឱកាសល្អផងដែរ ដែលយើងមករៀបចំកម្មវិធីអន្តរជាតិនារីនៅខេត្តទី១ ដែលមានអភិបាលខេត្តជានារី។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានចប់ហើយ ចំណុចនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ត្រូវបានយកមកបញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អស់ហើយ។ បើចង់ចូលរួមក្នុងជីវភាពនយោបាយត្រូវគោរពរដ្ឋធម្មនុញ្ញ។ បើចង់តវ៉ាពីលទ្ធផលនៃការបោះឆ្នោត តវ៉ាទៅ គជប និងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ យើងប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស។ គ្មានសម័យណាដែលមានសេរីដូចសម័យសព្វថ្ងៃនេះទេ។ យើងមានសេរីភាពសារព័ត៌មាន មានសេរីភាពក្នុងការប្រើប្រាស់អីុនធឺណេត និង Facebook។ រឿង Cambodia Daily គឺគេបិទទ្វារខ្លួនឯង បើអីុចឹងគេបិទ Phnom Penh Post ដែរហើយ។
ឯរឿងតុលាការរំលាយគណបក្សប្រឆាំងគឺជារឿងត្រឹមត្រូវ បើទុកនៅគឺមិនមានសន្តិភាព ដោយសារពួកគេមានចេតនាផ្តួលរំលំ។ កន្លងមក គេចូលរួមការបោះឆ្នោតជាលេសបង្កចលាចល នាំឱ្យប្រជាជនបះបោរប៉ុណ្ណោះ ដោយគេតែងតែប្រកាសថាឈ្នះមុនការបោះឆ្នោត។
នៅក្នុងពិភពលោកមានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ស្ពាន អគ្គិសនី និងទឹកស្អាតប្រើប្រាស់។ សព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានខិតខំដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលអ្នកគ្រូ លោកគ្រូ មន្រ្តីរាជការ និងកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់ទៅកម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ និងអំពាវនាវឱ្យនារីខ្មែរពង្រឹងសន្តិភាព ដោយ កុំពាក់ព័ន្ធជាមួយគណបក្សប្រឆាំងព្រោះពួកនេះគ្មានគោលនយោបាយអ្វីក្រៅពីការផ្តួលរំលំរបប និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខឱ្យបានគ្រប់គ្នា៕