(ព្រះវិហារ)៖ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នេះគឺជាប្រធានបទ នៃមិទ្ទិញអបអរសាទរខួបអនុស្សាវរីយលើកទី១០៧ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៨ ដែលប្រារព្វធ្វើឡើងនៅសាលាខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ និងលោកស្រី, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូននារី នៅទូទាំងខេត្តចូលរួមជាង៥០០នាក់។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិនារី ០៨មីនានេះ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍» ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកំពស់វប្បធម៌ អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស និងស្ត្រីដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅកំពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទី របស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
លោកបន្តថា «សុខសន្តិភាពមានសារសំខាន់ណាស់ ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យនឹងគ្រប់ទីកន្លែង។ ផ្ទុយទៅវិញជម្លោះ និងហិង្សា គឺជាឧបសគ្គ នៃវឌ្ឍនភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសយើង ហើយធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សាលើស្ត្រី គឺជាអំពើរំលោភសិទ្ធិមនុស្ស ដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំង ទៅលើស្ត្រី និងកូនរបស់ពួកគេ ដែលបន្សល់ទុកនូវផលវិបាកដល់សង្គមរាប់ជំនាន់»។
ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចព្រះរាជអគ្គមហេសី ព្រះប្រធានកិត្តិយសសមាគមនារីកម្ពុជា និងសម្តេចកិតិព្រឹទ្ធិបណ្ឌិត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង មន្ទីរ បានកោតសរសើរចំពោះថ្នាក់ដឹកនាំជុំវិញខេត្តព្រះវិហារ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពបញ្ជាបយេនឌ័រ និងពង្រឹងភាពអង្គអាចដល់ស្ត្រី។
នាយឧត្តមសេនីយ៍ គាំទ្រចំពោះគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ស្រុក ក្រុង និងគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មីបាននិងកំពុងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលើកកម្ពស់ ស្ថាប័ន និងសមធ៌មសង្គម ដើម្បីស្រ្តី និងកុមារជនងាយរងគ្រោះទទួលបានកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយ:ការកែប្រែឥរិយាបទសង្គម ឲ្យទទួលស្គាល់ និងចាត់ទុកស្ត្រីជាដៃគូរ ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍ សមត្ថភាព ស្ត្រីក៏ដូចជា ផ្តល់ឱកាសស្ត្រីចូលរួមប្រកបដោយសមត្ថភាព គ្រប់ការងារ គ្រប់វិស័យនិងសូមអំពាវនាវឲ្យបន្តការងារនេះទៅទៀត ដើម្បីវឌ្ឍនភាពនិងសុខដុមនីយកម្មនៅក្នុងខេត្តព្រះវិហារទាំងមូល៕