(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ មេត្តាជួយដាស់តឿនសិស្សកុំបោះបង់ចោលការសិក្សា ពីព្រោះការសិក្សានេះសំខាន់ណាស់ សម្រាប់ជួយដល់អនាគត និងកម្រិតជីវភាពរបស់ពួកគាត់ ជាពិសេសកុំឲ្យធនធានមនុស្សមានចំណេះដឹងបាត់បង់។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូប្រមាណ២០០នាក់ រួមជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រទេសជាតិមួយអាចមានការអភិវឌ្ឍន៍ រីកចម្រើនលូតលាស់ទៅបានអាស្រ័យលើធនធានមនុស្ស ដែលជាកត្តាសំខាន់ណាស់ ក្នុងចំណោមកត្តាដ៏ទៃទៀត សូម្បីតែរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជាកត្តាអទិភាពនោះ គឺផ្លូវ ទឹក ភ្លើង ធនធានមនុស្ស ប៉ុន្តែក្រោយមក សម្តេចបានប្តូរយុទ្ធសាស្ត្រនេះឡើងវិញ ដោយកត្តាទី១ ដ៏ចម្បងគឺកត្តាធនធានមនុស្ស បន្ទាប់មកគឺ ផ្លូវ ទឹក ភ្លើង។ ទាំងនេះបញ្ជាក់បានថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតសំខាន់ខ្លាំងណាស់ ទៅលើថ្នាលបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំនេះ។
លោកបានបន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល ព្រមទាំងប្រជាពលរដ្ឋជិត១លាននាក់ ក្នុងខេត្តត្បូងឃ្មុំនេះ គឺពឹងផ្អែកទៅលើលោកគ្រូ អ្នកគ្រូហើយ ជាពិសេដែលមានវត្តមានជិត២០០នាក់ នាពេលនេះ។ លោកសង្ឃឹមថា លោកគ្រូអ្នកគ្រូ នឹងមិនឲ្យរដ្ឋបាលខេត្តក៏ដូចជា អ្នកដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស អស់សង្ឃឹមនោះទេ ។
លោកអភិបាលរងខេត្តខេត្ត ក៏បានស្នើសុំឲ្យលោកគ្រូអ្នកគ្រូ មេត្តាបញ្ចេញនូវសមត្ថភាព ទេពកោសល្យ ដើម្បីជាសារមួយសំខាន់ណាស់ ជូនទៅដល់សិស្សានុសិស្ស ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស។ ជាពិសេសលោកក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ជួយជំរុញបន្ថែមទាំងអស់គ្នា ទៅការសិក្សាអប់រំ របស់សិស្សានុសិស្ស ទាំងនៅសាលា និងនៅផ្ទះដើម្បីរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា កាន់តែខ្លាំងក្លាទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិដែលនេះជាមោទនៈសម្រាប់សិស្សានុសិស្សផ្ទាល់ មាតាបិតាអាណាព្យបាល និងសង្គមកម្ពុជាទាំងមូលសម្រាប់ការ អភិវឌ្ឃន៍ប្រទេសជាតិទាំងនៅបច្ចុប្បន្ន និងអនាគត៕