(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបូកសរុបការងារក្រុមប្រឹក្សាអ្នកច្បាប់ នាថ្ងៃទី០៥ ខែមីនានេះថា ពេញមួយឆ្នាំ២០១៧ ក្រុមប្រឹក្សាអ្នកច្បាប់ បានចូលរួមតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាមួយបណ្ដាក្រសួង-ស្ថាប័ននានា បានចំនួន៩លើក រួមនិងការងារសម្រេចបានជាច្រើនទៀត។
ក្នុងកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងថា លទ្ធផលការងារប្រចាំឆ្នាំ២០១៧ ក្រុមប្រឹក្សាអ្នកច្បាប់បានពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ រួមមាន៖
* ក្នុងកិច្ចប្រជុំអន្តរក្រសួង និងនៅក្រុមប្រឹក្សាជាតិអភិវឌ្ឍកម្ពុជា (CDC) បានចំនួន៩៩លើក។
* ក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសបានចំនួន ១៣៧លើក។
* ក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់បានចំនួន ៩០លើក។
ក្រៅពីនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាមួយបណ្ដាក្រសួង-ស្ថាប័នផ្សេងៗ បានចំនួន៩លើក។ ចូលរួមសិក្ខាសាលា វេទិកាសាធារណថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យច្បាប់ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បានចំនួន៧៧លើក។ រៀបចំបែបបទថ្វាយព្រះមហាក្សត្រ សូមឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់ ដែលស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងអនុម័តរួច បានចំនួន២១ច្បាប់។
លោកបន្តថា ក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានជួយសម្របសម្រួលរៀបចំលិខិតឆ្លើយតបរបស់រាជរដ្ឋាភិបាល ទៅនឹងសំណួររបស់តំណាងរាស្ត្រ ស្របតាមមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ បានចំនួន៣ករណី និងជួយសម្របសម្រួលឲ្យមានតំណាងរាជរដ្ឋាភិបាល ទៅការពារសេចក្ដីព្រាងច្បាប់ នៅស្ថាប័ននីតិប្បញ្ញត្តិ បានចំនួន២៩លើកផងដែរ។
ក្រុមប្រឹក្សាអ្នកច្បាប់បានរកឃើញចំណុចអវិជ្ជមានមួយចំនួន ដែលជាចំណែកលើវិស័យប្រព័ន្ធយុត្តិធម៌ឲ្យបានល្អប្រសើរ ក្នុងដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្ត្រពិភាក្សាការងារផ្ទៃក្នុង ដើម្បីរកឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមានរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពង្រឹងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់ថា តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ គឺសិក្សា និងផ្ដល់យោបល់ជូនគណៈរដ្ឋមន្ត្រីអំពីសេចក្ដីព្រាងច្បាប់ គោលនយោបាយ ផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួង ស្ថាប័នផ្ញើមកសុំការសម្រេចពីគណៈរដ្ឋមន្ត្រី។ ទំនាក់ទំនង សម្របសម្រួល និងផ្ដល់យោបល់ដល់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធនឹងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឲ្យស្របតាមអទិភាពកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ សិក្សាស្រាវជ្រាវ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីលើកគម្រោងកសាងច្បាប់ ឬលិខិតបទដ្ឋានថ្មីៗ ដែលមានការចាំបាច់បម្រើឲ្យសកម្មភាពរាជរដ្ឋាភិបាល។
លើសពីនេះ ក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតាមដានឃ្លាំមើលលើការអនុវត្ត និងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ រៀបចំបែបបទបញ្ចូលសេចក្ដីព្រាងច្បាប់ ទៅស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីពិនិត្យ និងអនុម័ត រៀបចំបែបបទទួលថ្វាយព្រះមហាក្សត្រ សូមឡាយព្រហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ ដែលស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងអនុម័តរួច។ សម្របសម្រួល និងរៀបចំលិខិតឆ្លើយតបរបស់រាជរដ្ឋាភិបាល ទៅនឹងសំណួររបស់តំណាងរាស្ត្រ ស្របតាមមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ។ សម្របសម្រួលឲ្យមានតំណាងរាជរដ្ឋាភិបាល ទៅការពារសេចក្ដីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិ អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាស្ថាប័នដ៏សំខាន់មួយក្នុងការចូលរួមកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការធានាបាននូវសន្តិសុខគតិយុត្ត និងរក្សាបាននូវសណ្ដាប់ធ្នាប់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ៕