(ត្បូងឃ្មុំ)៖ ក្រុមចោរប្លន់ស្ទើរភ្លើងចំនួន២នាក់ បានចូលទៅប្លន់ទីតាំង Wing វេលុយមិនបានសម្រេចបែរជាព្យាយាមលេបថ្នាំសម្លាប់ខ្លួន ដើម្បីបញ្ចប់ការតាមចាប់ខ្លួន តែមិនបានសម្រេច ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ចដដែល។
ភ្នាក់ងារព័ត៌មាន Fresh News នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង៧៖៣០នាទីព្រឹកនៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៨ នៅចំណុចហាងវេរលុយវីងរបស់ចែពិដោរ យីហោ ស្រីពេជ្រ នៅចំណុចផ្លូវបំបែកក្រែក-ជីមាន់ ស្ថិតក្នុងភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីប្លន់មួយកើតឡើង ដែលបង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងនោះមានជនសង្ស័យម្នាក់ចូលធ្វើសកម្មភាព ដោយប្រើប្រាស់អាវុធខ្លីភ្ជង់ទៅលើភ្នាក់ងារវេលុយ Wing។ ករណីប្លន់នោះមិនបានយកលុយ ឬរបស់របរមានតម្លៃណាមួយទេ គឺចោរគ្រាន់តែដណ្តើមយកម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយ១គ្រឿង រួចជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពីក្រុមចោរធ្វើសកម្មភាពប្លន់រួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានភ្លាម ក៏បានសហការជាមួយកម្លាំងអធិការដ្ឋានគរបាល ស្រុកពញាក្រែក ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យតាមប្រមាញ់រកជនសង្ស័យគ្រប់ច្រកល្ហក ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមនីតិវិធីច្បាប់។
កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ភ្លាមៗនោះក៏កំណត់មុខសញ្ញាម្នាក់បានយ៉ាងច្បាស់គឺមានឈ្មោះ ឈួន ពីន ហៅយោន កាពីន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម រស់នៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវជាប្អូនប្រុសបង្កើត ម្ចាស់វ៉ីងនោះតែម្តង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នោះរហូតម៉ោង៩៖២០នាទី នាថ្ងៃដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកពញាក្រែក បានរកឃើញកន្លែងលាក់ខ្លួនជនសង្ស័យនោះ នៅចំណុចផ្ទះមួយកន្លែងចម្ងាយ១៥០០ម៉ែត្រ ពីកន្លែងកើតហេតុ។ ខណៈដែលកម្លាំងធ្វើការឡោមព័ន្ធផ្ទះ ហើយក៏ចូលទៅចាប់ខ្លួនជនសង្ស័យឈ្មោះ ឈួន ពីន ហៅយោន កាពីន កំពុងដេកប្រកាច់នៅលើកន្ទេលពណ៌ក្រហម ក្រាលលើរនាបក្នុងផ្ទះ ដោយជនសង្ស័យបានលេបថ្នាំពុលដើម្បីសម្លាប់ខ្លួន ហើយលើដៃមានម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយវ៉ីង តែមិនបានសម្រេច។ ចំណែកឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ រួមជាមួយអាវុធខ្លី១ ដើមដោយសុវត្តិភាព។
បច្ចុប្បន្នឈ្មោះ ឈួន ពីន ហៅ យោន កាពីន ត្រូវបានសមត្ថកិច្ចបញ្ជូនសង្គ្រោះបន្ទាន់ និងរួចផុតពីការស្លាប់ហើយនៅមន្ទីរពេទ្យ បង្អែកស្រុកពញាក្រែក។ បន្ទាប់ការដឹងខ្លួនរបស់ជនសង្ស័យកម្លាំងជំនាញ បានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ និងមានក្រុមគ្រូពេទ្យនៅចាំសង្កេតមើលអាការៈរោគជាបន្តបន្ទាប់។ ហើយកម្លាំងជំនាញក៏បានកំពុងកសាងសំណុំរឿង និងវត្ថុតាងម៉ាស៊ីន ចុចលេខសម្ងាត់វិក័យប័ត្រវេរលុយវ៉ីងនោះ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការខេត្តត្បូងឃ្មុំ និងបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យម្នាក់ ទៀតមកធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ឈ្មោះ ឈួន ពីន ហៅ យោន កាពីន ភេទប្រុសនេះ ធ្លាប់សមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឲ្យតុលាការកាត់ទោស ជាប់ពន្ធនាគារ២ដង រួចមកហើយ ពីបទករណីជួញដូរគ្រឿងញៀន។ ប៉ុន្តែរាល់ការជាប់ពន្ធនាគារម្តងៗ គឺបងស្រីរបស់ជនល្មើសដែលគេហៅ ថា ចែពិដោរ ជាភ្នាក់ងារវ៉ីងមានយីហោ ស្រីពេជ្រ នោះរត់ការជាមួយអ្នកមានអំណាចនៅពីក្រោយដោយសម្ងាត់ ឲ្យជួយអន្តរាគមន៍ដោះលែង ឲ្យនៅក្រៅឃុំពីពន្ធនាគារ៕