(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨នេះ លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមបញ្ចុះបឋមសីលាសាងសង់ស្ពានបេតុង១ខ្សែ ដែលជាអំណោយរបស់សម្តេចតរជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ជាការដូរមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ បានបន្តថា ស្ពានបេតុងថ្មី ដែលបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នៅពេលនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក៏ដូចជា ការដឹកកសិផលផ្សេងៗយកទៅកាន់ទិផ្សារមានភាពងាយស្រួល។
ដោយឡែកលោក អ៊ុន ចាន់ដា បានលើកឡើងពីប្រវត្តិ នៃការកកើតស្ពានបេតុងមួយខ្សែនេះថា មុនដំបូងប្រជាពលរដ្ឋជាង១ពាន់គ្រួសារ មកពីចំនួន៣ឃុំ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានដាក់ពាក្សស្នើរសុំមកគណបក្ស ប្រជាជនខេត្តព្រះវិហារ សុំឲ្យជួយកសាងស្ពានឈើមួយខ្សែ សម្រាប់សម្រួលក្នុងការធ្វើដំណើរ។
ក្រោយទទួលសំណើរពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ បានធ្វើការពិភាក្សាដោយដាក់ឆ្លងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទើបបានទទួលបានការឆ្លើយតបមកវិញ គឺសាងសង់ស្ពានថ្មមួយខ្សែរប្រវែង៣៦ម៉ែត្រ ដែលមានទទឹង៨ម៉ែត្រ បន្ទាប់មកការសាងសង់ ក៏បានចាប់ផ្តើមដំណើរការ និងមានការចុះបឋមសីលានៅថ្ងៃនេះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លោក អ៊ុន ចាន់ដា បានបន្តថា សមិទ្ធិផលថ្មីនេះ គឺជាសមិទ្ធិផលរួម ដែលអ្នកណាក៏អាចប្រើបាន គណបក្សណា ក៏អាចប្រើបានដូចគ្នាដោយ មិនមានការបែងចែកនោះទេ ហើយលោកក៏សូមអំពាវនាវ ឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាដើម្បីអោយស្ពាននេះ ប្រើប្រាស់បានយូរអង្វែង គឺត្រូវតែទប់ស្កាត់ការដឹកជញ្ជូនធ្ងន់ៗជាដើម។
សូមបញ្ជាក់ថា ស្ពានបេតុងដែលចាប់ផ្តើមសាងសង់នេះ គឺសាងសង់ដោយកងវិស្វកម្មកងទ័ពជើងគោក មានបណ្តោយ៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ពីទីរួមស្រុកជ័យសែនឆ្ពោះទៅ៣ឃុំ គឺឃុំធ្មា ឃុំខ្យង និងឃុំច្រាច៕