(ពោធិ៍សាត់)៖ លោក​ស្រី​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច បានផ្តាំផ្ញើស្ត្រីខ្មែរទាំងអស់ មិនត្រូវជឿលើការញុះញង់ពីពួក ឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញសន្តិភាព រកបានមកដោយលំបាកបំផុត ដោយយើងត្រូវរួមគ្នាជួយថែរក្សាសន្តិភាពនេះ ឲ្យនៅគង់វង្សជារៀងរហូត។

លោក​ស្រី​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតី ក្នុងខួបលើកទី១០៧ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត នៅបូរីវប្បធម៌កោះសំពៅមាស ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានជម្រាបជូនបងប្អូនដែលជាកម្មករ-កម្មការិនី និងលោកស្រីមេភូមិ មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាថា នៅពេលមានជំងឺ​ហើយ​ ត្រូវចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ គឺនឹងមិនត្រូវបង់ថវិកាឡើយ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នៅពេលសំរាលកូន​ ស្រ្តីដែលជាមេភូមិ មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សា នឹងត្រូវបានទទួលប្រាក់ ឧបត្ថម្ភពីរដ្ឋាភិបាល​ មិនតែប៉ុណ្ណោះ​ត្រូវបានសម្រាកពីការងារ រយៈពេលបីខែពេញ ដោយមិនមានការកាត់ប្រាក់ខែឡើយ។​ លោកស្រីបានបន្ថែមទៀតថា ដោយសារយើងមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលនយោបាយ​ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយបាននាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ។

បន្ទាប់មកលោក​ ម៉ៅ​ ធនិន​ អភិបាលខេត្តពោធិ៍សាត់​ បានថ្លែងសុន្ទរកថា ស្វាឡមន៍រួចមក លោកស្រីឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន បានស្នើឲ្យបងប្អូននារីទាំងអស់ កុំគិតថាយើងជាស្ត្រីបង្វិលចង្ក្រានមិនជុំ ស្ត្រីមានសិទ្ធិស្មើបុរស មានសិទ្ធិធ្វើការងារដូចគ្នា សូមបងប្អូនជាស្ត្រីបង្កើនការអភិវឌ្ឍន៍នៅតាមភូមិ-ឃុំ របស់បងប្អូន ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ក្នុងតំបន់អាស៊ាន និងដើម្បីបង្ហាញថា នៅក្នុងតំបន់អាស៊ាន គេធ្វើអ្វីកើតយើងក៏ធ្វើបានដូចគ្នា៕