(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងថា គណៈកម្មការមូលបត្រ នឹងដាក់ឲ្យដំណើរការការជួញដូរមូលបត្របំណុល ឬសញ្ញាប័ណ្ណ (Bond) នៅក្នុងឆ្នាំ២០១៨ ដែលការដាក់ឲ្យមានការជួញដូរមូលបត្របំណុលនេះ ធ្វើឡើង ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍន៍វិស័យមូលបត្រ ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ក៏បានពន្យល់ពាក់ព័ន្ធ នឹងការដាក់ឲ្យមានការដំណើរការ ការជួយដូរមូលបត្របំណុលនេះថា «ថ្មីៗនេះគណៈកម្មការមូលបត្រកម្ពុជា បានដាក់ចេញនូវបទបញ្ញតិបន្ថែម ដែលអនុញ្ញាតឲ្យក្រុមហ៊ុនដែលមានឆន្ទៈ និងមានបំណងចង់រកហិរញ្ញប្បទានខាងក្រៅ ពីការបោះលក់ភាគហ៊ុន គាត់អាចធ្វើការបោះផ្សាយលក់ប្រភេទមួយទៀតនៃមូលបត្រ ដែលគណៈកម្មការមូលបត្រឲ្យឈ្មោះថា មូលបត្របំណុល ឬក៏ហៅថាសញ្ញាបណ្ណ ដែលសញ្ញាបណ្ណនេះ ខុសគ្នាពីភាគហ៊ុន ដោយសារតែវាជាប្រភេទមូលបត្រមួយ ដែលមិនផ្ដល់សិទ្ធិ ដល់អ្នកទិញក្លាយទៅជាម្ចាស់ក្រុមហ៊ុន ប៉ុន្ដែផ្ដល់សិទ្ធដល់អ្នកទិញក្លាយ ជាម្ចាស់បំណុលរបស់ក្រុមហ៊ុន»។
លោក ស៊ូ សុជាតិ បានពន្យល់បន្ថែមទៀតថា តើម្ចាស់បំណុល និងម្ចាស់ភាគហ៊ុនខុសគ្នាដូចម្ដេច? ខុសគ្នាត្រង់ថា ម្ចាស់ភាគហ៊ុន ប្រសិនបើក្រុមហ៊ុនចំណេញគាត់ចំណេញ តែបើក្រុមហ៊ុនខាតគាត់នឹងខាត់ ប៉ុន្ដែសម្រាប់ម្ចាស់បំណុលវិញ គឺមិនចេះខាត តែក៏មិនអាចចំណេញលើសពីអ្វី ដែលអត្រាការប្រាក់បានឯកភាពគ្នា និងទំហំនៃបំណុល ដែលគាត់បានទិញពីក្រុមហ៊ុននោះទេ។
លោក ស៊ូ សុជាតិ បានលើកឡើងថា «ក្នុងការដាក់ឲ្យដំណើរការមូលបត្របំណុលនេះ គឺរង់ចាំការរៀបរយរបស់ក្រុមហ៊ុន ដែលចង់បោះផ្សាយ ព្រោះដោយសារតែ ហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ហើយ បទបញ្ញតិក៏មានរួចហើយដែរ អ្វីដែលរង់ចាំគឺរង់ចាំតែក្រុមហ៊ុនមួយប៉ុណ្ណោះ។ ប៉ុន្ដែក្នុងពេលថ្មីៗនេះ គណៈកម្មការមូលបត្រកម្ពុជា បានទទួលនូវសំណើររបស់ក្រុមហ៊ុនមួយចំនួនរួចហើយ ដែលបានដាក់មក ដើម្បីធ្វើការ បោះផ្សាយលក់ប័ណ្ណបំណុល ឬសញ្ញាប័ណ្ណនេះជាសារធារណៈ តែការពិនិត្យស្ថិត នៅក្នុងការពិភាក្សាគ្នានៅឡើយ ដែលមិនអនុញ្ញាតឲ្យគណកម្មការមូលបត្រកម្ពុជា ធ្វើការបង្ហាញជាសារធារណៈនៅឡើយទេ»។
អគ្គនាយករូបនេះ បានចាត់ទុកការបោះលក់មូលបត្របំណុលថា ជាការចាប់ផ្ដើមថ្មីមួយទៀត និងរំពឹងថានឹងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០១៨នេះ៕