(បាងកក-ថៃ)៖ នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ឡាយ ច័ន្ទរស្មី ទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្រ្តីជំនាញកម្ពុជាជាច្រើនរូបទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ចូលរួមនៅក្នុងសន្និសិទជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីទប់ស្កាត់បទឧក្រិដ្ឋ និងរក្សាសុវត្ថិភាពសង្គម។
សន្និសិទ្ធអន្តរជាតិ ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ សហការរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ ជាមួយវិទ្យាស្ថានកិច្ចការយុត្តិធម៌ថៃ។
សន្និសិទអន្តរជាតិមានការយាង និងអញ្ជើញចូលរួមពី ព្រះអង្គម្ចាស់ក្សត្រី ផាត់ចារ៉ាក់ គិទិយ៉ាផា ម៉ាហីឌុន (Bajakitiyabha Mahidol) ឯកអគ្គរាជទូតសុច្ឆន្ទៈ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ, លោក យូរី ហ្វេដូតូស អគ្គលេខាធិការរង និងជាអគ្គនាយកប្រតិបត្តិរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងតំណាងប្រទេសផ្តល់ជំនួយ ប្រទេសក្នុងតំបន់ជាច្រើនផ្សេងទៀត។
ថ្លែងក្នុងពិធីបើកសន្និសិទ លោក យូរី ហ្វេដូតូស បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជាច្រើនក្នុងតំបន់ បានប្រឈមមុខទៅនឹងការគំរាមកំហែងនានា ដូចជា៖ អំពើពុករលួយ ភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរផ្សេងៗទៀត តាមច្រើនរូបភាពដែលប្រទេសទាំងអស់កំពុងជួបប្រទះ ហើយបញ្ហាទាំងនេះភាគច្រើនបណ្តាលមកពីប្រព័ន្ធច្បាប់ នៅទន់ខ្សោយ និងការយល់ដឹងនៅមានកម្រិត។
អង្គការ UNODC បានរួមចំណែកយ៉ាងសកម្ម និងកំពុងខិតខំផ្តល់ជំនួយបច្ចេកទេស ដើម្បីលើកកំពស់ការយល់ដឹងឲ្យកាន់តែប្រសើរឡើងថែមទៀត ដល់បណ្តាប្រទេសទាំងអស់នៅ ក្នុងតំបន់ដែលថ្ងៃនេះអង្គសន្និសិទនឹងពិភាក្សាគ្នាអំពី៖ ទី១៖បញ្ហាប្រឈមអំពីប្រព័ន្ធច្បាប់ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក, ទី២៖ទិដ្ឋភាពរួមនៃគោលដៅអភិវឌ្ឈន៍ ប្រកបដោយចីរភាពទាក់ទងទៅនឹងការផ្លាស់ប្តូរ, ទី៣៖ផែនទីបង្ហាញផ្លូវទាក់ទងទៅនឹង សម្រេចបាននូវគោលដៅនៃការអភិវឌ្ឈប្រកបដោយចីរភាព៕