(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឲ្យនាយកដ្ឋានបុគ្គលិកពិនិត្យលទ្ធភាពនគរបាលជាស្រ្តី ឲ្យធ្វើជាប្រធានអង្គភាពនានា ដែលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈបច្ចុប្បន្ននេះប្រទេសកម្ពុជា មានអភិបាលខេត្តជាស្រ្តីរួចហើយ។
ថ្លែងនៅក្នុងកម្មវិធីអបអរសាទរ មិទ្ទិញទិវាអន្តរជាតិនារី៨មីនា ខួប១០៧ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្រ្តី ហើយរាល់កិច្ចការងារ ដែលបុរសធ្វើបាន ស្រ្តីក៏ធ្វើបានដែរនោះ ដូច្នេះនាយកដ្ឋានបុគ្គលិកគប្បីធ្វើការពិចារណា ក្នុងការពិនិត្យលទ្ធផលភាពដើម្បីដាក់ស្រ្តីធ្វើជាស្នងការ តាមខេត្តនានាដើម្បីឲ្យចលនាស្រ្តី កាន់តែមានភាពល្អប្រសើបន្ថែមទៀត។
នាយឧត្តមសេនីយ៍អគ្គស្នងការ បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ នគរបាលជាស្រ្តីបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយនៅក្នុងអគ្គស្នងការនគរបាលជាតិនាពេលបច្ចុប្បន្ននេះ គឺមានស្រ្តីជិតមួយពាន់នាក់ បានកំពុងបម្រើការជានគរបាល ហើយស្រ្តីទាំងនោះសុទ្ធតែ មានជំនាញច្បាស់លាស់ក្នុងកិច្ចការងារ ជាងនេះទៅទៀតអគ្គស្នងការនគរបាលជាតិ នេះក៏មានស្រ្តីធ្វើជាអគ្គស្នងការរង និងអនុប្រធាននាយកដ្ឋានមួយចំនួនទៀតផងដែរ។
នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានចេញនៅពាក្យស្លោក «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ពីព្រោះថាស្រ្តី គឺជាមាតាពិភពលោក ដូច្នេះរាល់សកម្មភាពអ្វី បើគ្មានស្រ្តីចូលរួមទេ គឺមិនអាចទៅរួចនោះឡើយ។ នេះជាការបញ្ជាក់បន្ថែម របស់នាយឧត្តមសេនីយ៍ នេត សាវឿន។
ជាមួយគ្នានោះ លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះចលនានគរបាលស្រ្តី បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ និងសង្គមទាំងមូល ហើយស្រ្តីក៏បានចូលរួមថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃនេះផងដែរ៕