(កំពង់ធំ)៖ បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាននូវមេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជារួចមក នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងនាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ បានបន្តនាំមេដាយការពារជាតិនេះ បំពាក់ជូនអតីតយុទ្ធជនកម្ពុជាចំនួន ៨៨៧នាក់ទៀត នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងពិធីបំពាក់មេដាយជូនអតីតយុទ្ធជន ដែលធ្វើឡើងនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា អតីតយុទ្ធជនកម្ពុជា បានបូជាសាច់ស្រស់ ឈាមស្រស់ ដែលអ្នកខ្លះក៏បានពលីទាំងអាយុជីវិតទៅទៀត ដើម្បីការពារជាតិមាតុភូមិ និងស្វែងរកសន្តិភាពជូនជាតិកម្ពុជា ដែលគុណបំណាច់នេះ តែងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ដោយសារការលះបង់អវៈយុវៈរបស់អតីតយុទ្ធជនយ៉ាងដូច្នេះហើយ ទើបកម្ពុជានាពេលបច្ចុប្បន្ន បានឈរលើផ្លូវនៃសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចម្រើន ហើយអតីតយុទ្ធជនកម្ពុជាទាំងអស់ ត្រូវតែចូលរួមថែរក្សាការពារ និងកៀរគរឲ្យសាច់ញាតិ និងប្រជាពលរដ្ឋជំនាន់ក្រោយ ចូលរួមថែរក្សាការពារសុខសន្តិភាពនេះបន្តទៅទៀត តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះជាគណបក្សតែមួយគត់ ដែលបានប្រកៀកស្មាជាមួយអតីតយុទ្ធជន និងប្រជាពលរដ្ឋកម្ពុជា ក្នុងការតស៊ូស្វែងរកសន្តិភាពនេះ។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ដើម្បីតបស្នងនូវគុណបំណាច់ដែលអតីតយុទ្ធជនបានពលី ដើម្បីជាតិកម្ពុជាដ៏កម្សត់មួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទូលស្នើដល់ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវមេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ដូចបានប្រគល់ និងទទួលនាពេលនេះ។
នាយឧត្តមសេនីយ៍ផ្កាយមាសបួន បានបន្តថា សុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ជាសុខទុក្ខរបស់រាជរដ្ឋាភិបាល រាល់បញ្ហាប្រឈមរបស់អតីតយុទ្ធជន គឺត្រូវបានសេនាធិការរបស់រាជរដ្ឋាភិបាល ខិតខំដោះស្រាយជាបន្តបន្ទាប់ តួយ៉ាងដូចជានៅថ្ងៃនេះជាដើម ទោះបីមកបំពាក់មេដាយជូនអតីតយុទ្ធជនក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ក៏ត្រូវស្ដាប់នូវបញ្ហាប្រឈម និងដោះស្រាយជូនអតីតយុទ្ធជនមួយចំនួនផងដែរ។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍ ក៏ដូចជាការរាយការណ៍ផ្ទាល់ ពីប្រធានសមាគមអតីតយុទ្ធជននៅតាមមូលដ្ឋាន និងពីអតីតយុទ្ធជនផ្ទាល់រួចមក នាយឧត្តមសេនីយ៍ គន់ គីម និងលោករដ្ឋមន្ត្រី ថោង ខុន រួមទាំងរដ្ឋបាលខេត្ត-ស្រុក ក៏បានចូលរួមដោះស្រាយជូនផងដែរ ក្នុងនោះនាយឧត្តមសេនីយ៍ គន់ គីម បានឧបត្ថម្ភថវិកា ៤០លានរៀល លោករដ្ឋមន្ត្រី ថោង ខុន បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមិនទាន់ទទួលបានផ្ទះ រួមទាំងជំនួយថវិកា និងកម្លាំងកាយចិត្តពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋាន លើការងារបែងចែកដី និងការសាងសង់ផ្ទះជូនពួកគាត់។
ទាំងនាយឧត្តមសេនីយ៍ គន់ គីម និងលោករដ្ឋមន្ត្រី ថោង ខុន បានពន្យល់ប្រាប់អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទូទៅថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពថែរក្សាការពារនូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរបានដាស់តឿនប្រាប់អតីតយុទ្ធជនថា កុំឲ្យសន្តិភាពដែលរកបានដោយលំបាកនេះរបូតទៅវិញឲ្យសោះ ដូច្នេះហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅគ្រប់អាណត្តិតទៅមុខទៀត៕