(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង ចៅសង្កាត់ មន្ត្រីរាជការ ក្នុងខណ្ឌបានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើស្រែ ព្រមទាំងពិនិត្យទីតាំងស្ថានីយបូមទឹកសម្តេច ហ៊ុន សែន ទី៣៩ ខណៈកំពុងបូមទឹកសម្រាប់ប្រជាពលរដ្ឋសង្កាត់ប្រទះឡាងធ្វើស្រែ និងបានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន៥០០លីត្រ ដើម្បីដំណើរការម៉ាស៊ីនបូមទឹក ស្ថិតនៅភូមិអង្គ និងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅឱកាសនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ដែលជាប្រជាកសិករ ក្នុងសង្កាត់ប្រទះឡាង។ លោកអភិបាល ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ចំពោះការងារបង្កបង្កើនផលស្រែប្រាំង ដើម្បីទទួលបានទិន្នផលល្អប្រសើរ ដើម្បីលើកកម្ពស់ជីវភាពឲ្យបានរីកចម្រើន ដោយសារខណ្ឌដង្កោ ជាខណ្ឌកសិកម្ម និងមានប្រជាពលរដ្ឋភាគច្រើន ប្រកបរបធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់លោកចៅសង្កាត់ និងគណៈគ្រប់គ្រងម៉ាស៊ីនបូមទឹកឲ្យថែរក្សា និងប្រើប្រាស់ម៉ាស៊ីនបូមទឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យបានល្អដើម្បីទុកជាប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ប្រទះឡាង ទាំងមូលធ្វើស្រែបង្កបង្កើនផល៕