(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំពេញមួយថ្ងៃ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ តុលាការបានសម្រេចចេញដីកា បន្តឃុំខ្លួនជនត្រូវចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល៦ខែទៀត។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់តុលាការ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបានសាកសួរនៅថ្ងៃនេះ ចៅក្រមស៊ើបសួរ បានចេញដីកាសម្រេចពន្យាពេលការឃុំខ្លួន កឹម សុខា ជាបណ្តោះអាសន្ន ដោយរង់ចាំចាត់ការតាមនីតិវិធីបន្តទៀត»។
ជាមួយគ្នានេះ លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោម៥រូប ក៏បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅក្នុងសប្តាហ៍នេះ ក្រុមមេធាវី នឹងរៀបចំធ្វើបណ្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការសម្រេចនេះ។
មាត្រា២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា «ចំពោះនីតិជនដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្ន មិនអាចលើសពី៦ខែបានទេ។ ប៉ុន្ដែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលការឃុំខ្លួនម្តងបាន៦ខែ ដោយមានដីកាសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ២ដងគត់។
មន្ត្រីតុលាការបានពន្យល់ត្រង់មាត្រានេះ ចង់បង្ហាញថា ជនត្រូវចោទណា ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ អាចត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនរហូតដល់ទៅ១៨ខែបាន ដោយមានដីកាសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានចោទប្រកាន់បទឧក្រិដ្ឋ បើយោងតាមមាត្រា៤៦នៃក្រមព្រហ្មទណ្ឌ។ មាត្រា៤៦ នៃក្រមព្រហ្មទណ្ឌ ចែងថា បទល្មើសជាបទឧក្រិដ្ឋ នៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវ៖ ទី១ ជាទោសដាក់ពន្ធនាគារអស់មួយជីវិត ទី២ ជាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំនិងក្រោមឬស្មើនឹង៣០ឆ្នាំ។ ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូប បានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខា។ ការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ផងដែរ៕