(ត្បូងឃ្មុំ)៖ នាដើមខែមីនាជារៀងរាល់ឆ្នាំ ជាប្រពៃណីទំនៀមទំលាប់ សំរាប់ប្រជាពលរដ្ឋនៅស្រុកមេមត់ តែងតែរៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រម ដែលអ្នកនៅទីនោះតែងហៅថា «បឹងធំ» ដែលមានទំហំប្រហែល១០០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋមកពីភូមិ-ឃុំ ស្រុកនានា បានមកជួបជុំគ្នាយ៉ាងច្រើនកុះករ រាប់ពាន់នាក់ ដោយអ្នកខ្លះដើរ ខ្លះជិះរទេះសេះ ខ្លះជិះរទេះគោ កង់ម៉ូតូ ឡានពេញផ្លូវតែម្ដង ដោយមានកាន់ ឧបករណ៍បុរាណ សំរាប់ចាប់ត្រីរួមមាន៖ អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ នៅថ្ងៃទី ០១-០២-០៣-០៤ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះដែរ មានទាំងចាស់ ទាំងក្មេងញញឹមញញែម សប្បាយចិត្តពីចំងាយ ដោយពួកគាត់បានប្រាប់ថា មកចាប់លើកណា ក៏មិនដែលអត់នោះដែរ គឺត្រូវតែបានតិច រឺច្រើន គឺបានគ្រប់ៗគ្នា ហើយពួកគេនាំគ្នាហ៊ោកញ្ជៀវ ពេលអ្នកណាបានត្រីធំម្ដងៗ ពេលបានមកហើយ ភាគច្រើន គឺបងប្អូនប្រជាពលរដ្ឋ ធ្វើពិធីញុំាអាហារ សាមគ្គីដោយក្ដីសាមគ្គីបំផុត។
ចំពោះការចាប់ត្រីក្នុងបឹងមួយកន្លែងនេះ គឺជាទំនៀមទម្លាប់ ក្នុងភូមិធ្វើតៗ ពីដូនតាមកម្ល៉េះ ដោយធ្វើជារៀងរាល់ឆ្នាំ ដែលមានពិធីសែនព្រេន ពីម្ចាស់ទឹកម្ចាស់ដីផងដែរ។ មុនពេលដែលអនុញ្ញាត ឲ្យប្រជាពលរដ្ឋ ចុះទៅចាប់ត្រីក្នុងបឹងនេះ គឺត្រូវបានអាជ្ញាធរ និងប្រជាការពារភូមិ បានចុះការពារក្នុងត្រីក្នុងបឹងនេះ មុន១ខែ ព្រោះខ្លាចមានការលួចឆក់ យកត្រីមុនធ្វើពិធី ដែលខុសពីទំនៀមទំលាក់ ជាពិសេសគឺការប្រើឧបករណ៍ខុសច្បាប់តែម្តង។
បើតាមលោក អួច យឿង មេឃុំជាំក្រវៀន បានឲ្យដឹងថា ពិធីចាប់ត្រីនេះ គឺយើងបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីកំសាន្ដ និងសាមគ្គីគ្នា ស្គាល់គ្នា យោគយល់គ្នា សំរាប់បឹងធំនេះ គឺមិនឲ្យអ្នកណា ប៉ះពាល់ដាច់ខាត សំរាប់តែពិធីចាប់ត្រី១ឆ្នាំ ម្ដងតែប៉ុណ្ណោះ អ្នកណាក៏ចាប់បានដែរ តែដាច់ខាតត្រូវប្រើឧបករណ៍បុរាណ។
គួរបញ្ជាក់ថា ពិធីចាប់ត្រីនៅត្រពាំងក្រមនេះ គឺធ្វើឡើងតាំងពីបរមបុរាណតរៀងមក នៅពេលដែលទឹកស្រកទៅ គឺប្រជាពលរដ្ឋនាំគ្នា ធ្វើពិធីចុះត្រីចាប់ត្រីនេះតែម្តង៕