(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានដឹកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ផ្ទាល់ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តទួលសាលា ភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន២,៩១៦នាក់ ព្រមទាំងចែកអំណោយថ្នាំពេទ្យ ចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
លទ្ធផលនៃការពិនិត្យនោះ គឺបានពិនិត្យព្យាលបាលជំងឺកុមារ១៩៩នាក់, ជំងឺស្រ្តី៩៨នាក់, ជំងឺផ្លូវចិត្ត៧១នាក់, ជំងឺឫសដូងបាត១០៣នាក់, ជំងឺសន្លាក់ឆ្អឹង៦៩នាក់, ជំងឺរលាកសួត៧២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨៩នាក់, ជំងឺភ្នែក៥៨នាក់, ជំងឺសើរស្បែក៨៧នាក់, ជំងឺទឹកនោមផ្អែ២០៣នាក់, ជំងឺមាត់ធ្មេញ៧៦នាក់, អេកូសាស្ត្រ១៩៩នាក់,ព្យាបាលរបួសនិងវះកាត់តូច១២៧ និងជំងឺទូទៅ១,៥៦៥នាក់ ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យចេះថែរក្សាសុខភាព ដោយសង្កត់ធ្ងន់បញ្ហាការបរិភោគអាហារប្រចាំថ្ងៃ ដោយហូបស្អាត ផឹកស្អាត និងចេះពិវិធីថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ។ លើសពីនេះប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរូបនេះ ក៏បានណែនាំឲ្យឪពុកម្តាយគ្រប់រូប ចេះថែរក្សាកូនចៅឲ្យបានល្អ ចៀសឆ្ងាយការលេងទឹក នៅពេលឪពុកម្តាយមិននៅផ្ទះ មួយវិញទៀតនោះគឺបញ្ហាជំងឺគ្រុនឈាម ព្រោះរដូវធ្លាក់ភ្លៀង ឈានមកដល់នាពេលខាងមុខ។
ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយ ដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកបរសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងនោះពលរដ្ឋជាស្រ្តីម្នាក់ឈ្មោះ មឿន សិលា ស្ថិតនៅចំណោមពលរដ្ឋដទៃទៀត បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។ អ្នកស្រី សិលា មានជំងឺរលាកក្រពះ ហើយរាល់ថ្ងៃអាការៈនេះ បានធ្វើទុកនៅក្នុងពោះ បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានចុះមកព្យាបាលជំងឺគាត់ ក៏ដូចជាអ្នកភូមិឯទៀត។
អ្នកស្រីបន្ថែមថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺដោយមិនគិតលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក ភា ភឿន ជាជនពិការដែលមានជំងឺអាឡាក់ហ្ស៊ីច្រមុះថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយ នៅពេលគេចុះមកពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយមិនគិតលុយ វាធ្វើឲ្យខ្ញុំចំណេញថវិកា»។
ចំណែកបុរសវ័យចំណាស់ម្នាក់ទៀត ដែលមានជំងឺសួត ក្រោយបានឲ្យដឹងពីក្រុមគ្រូពេទ្យ ដែលមានរោគសញ្ញា ហត់ជាដើម បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញមកដល់ក្នុងស្រុកភូមិរបស់គាត់ និងព្យាបាលមិនគិតថ្លៃ។
លោកបន្តថា ការមកដល់ពីក្រុមគ្រូពេទ្យ បានធ្វើឲ្យគាត់ចំណេញយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។ លោកបានក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាល មកដល់ភូមិរបស់គាត់នេះ។
ក្រៅពីបង្ហាញអារម្មណ៍សប្បាយចិត្ត ប្រជាពលរដ្ឋបានស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកពិនិត្យជំងឺពលរដ្ឋបន្តិច ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលមួយ ដែលមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថារយៈពេល៦៣ខែ (២០១២-២០១៨) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៣៦៧នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៧លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៧៦៤០៨នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕