(សៀមរាប)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) ចូលរួមបើកសិក្ខាសាលាស្តីពី «ទស្សនទានទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់តំបន់» ដែលប្រតិភូ៣រូប មកពីទីក្រុងឈីលីវ៉ាក់ នៃប្រទេសកាណាដា មកចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍសេដ្ឋកិច្ចដល់ក្រុង-ស្រុកចំនួន៤ នៅកម្ពុជាគឺ ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបុរី។
សិក្ខាសាលានេះរៀបចំដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រោមការគាំទ្រពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM) តាមរយៈគម្រោង «ភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED)» អនុវត្តនៅកម្ពុជាពីឆ្នាំ២០១៦-២០២០ បន្តពីគម្រោង «ភាពជាដៃគូរបស់ទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច (MPED» អនុវត្តពីឆ្នាំ២០១១-២០១៥។
សិក្ខាសាលា ក៏ពិនិត្យផងដែរ ពីផែនការសកម្មភាពឆ្នាំ២០១៨-២០១៩ ដែលត្រូវអនុវត្តជាមួយក្រុង ស្រុកគោលដៅទាំង៤។
សិក្ខាសាលាដែលរៀបចំនៅសណ្ឋាគារអង្គរហូលីដេ នៅក្រុងសៀមរាប មានអ្នកចូលរួមសរុបជាង៥០នាក់ ក្នុងនោះមកពីក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល និងមន្រ្តីការិយាល័យច្រកចេញ ចូលតែមួយ នៅក្រុងស្រុកទាំង៤ ចំនួន២៤រូប, រដ្ឋបាលខេត្តបាត់ដំបង និងខេត្តមានជ័យ៤រូប, សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៤រូប, ក្រសួងពាណិជ្ជកម្ម២រូប, លេខាធិការដ្ឋាន គជអប ២រូប និងមកពីសាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យមានជ័យ៤រូប៕