(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតជូនទៅលោក គុជ លី តំណាងស្ថាបនិកគណបក្ស កែម ឡី ឲ្យបំពេញលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
នៅក្នុងលិខិតរបស់សម្តេចក្រឡាហោមនោះ បានបញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតស្នើសុំបង្កើតគណបក្ស កែម ឡី...។ ដើម្បីទទួលបានភាពត្រឹមត្រូវ និងសុពលភាព ព្រមទាំងអាចធ្វើសកម្មភាពស្របតាមច្បាប់ ក្រសួងមហាផ្ទៃស្នើឲ្យតំណាងស្ថាបនិកគណបក្ស កែម ឡី ឲ្យបំពេញលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
យោងតាមមាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គ្រប់គណបក្សនយោបាយត្រូវមាន៖
១៖ ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា។
២៖ ឈ្មោះគណបក្សនយោបាយមិនត្រូវធ្វើឡើង ដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ឡើយ។
៣៖ សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឲ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ។
សូមជំរាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដែលជាឈ្មោះរបស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោក កែម រិទ្ធិសិត បានប្រកាសថា ការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ជាពិសេសការបង្កើតគណបក្សនេះ ស្របតាមច្បាប់គឺដើម្បីទប់ស្កាត់ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ៕