(កោះកុង)៖ លោក កៅ ខុនដារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកោះកុង បានសម្តែងការមិនពេញចិត្ត និងស្តីបន្ទោសខ្លាំងៗចំពោះអាជ្ញាធរខេត្តកោះកុង, មន្ទីររៀបចំដែនដី និងមន្ទីរបរិស្ថានថា រយៈពេលពេញ១ឆ្នាំ គ្មានរបាយការណ៍១សន្លឹក ត្រូវបានជូនថ្នាក់ជាតិ ដើម្បីរាយការណ៍បន្តជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការស្តីបន្ទោសចំពោះភាពស្ពឹកស្រពន់ ពីសំណាក់មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាចនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកោះកុងឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក កៅ ខុនដារ៉ា រួមនឹងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត អាជ្ញាធរដែនគ្រប់បណ្តាស្រុក ប្រធានមន្ទីរ ចៅសង្កាត់ មេឃុំ ប្រធានមន្ទីរគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។
ក្នុងកិច្ចប្រជុំនេះលោក កៅ ខុនដារ៉ា បានសង្កត់ធ្ងន់ទៅអាជ្ញាធរខេត្ត មន្ទីររៀចំដែនដី មន្ទីរបរិស្ថានខេត្ត ថា រយៈពេល១ឆ្នាំហើយ ដែលអាជ្ញាធរខេត្តកោះកុង មិនមានមានសេចក្តីរាយការណ៍ ជូនថ្នាក់ជាតិ១សន្លឹកទេ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។ «នេះទង្វើរបស់ថ្នាក់ដឹកនាំខេត្ត ដែលជាសេនាធិការមួយដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការជូនដំណឹងក្នុងខេត្ត»។
ក្នុងនោះដែរលោកបានសង្កត់ធ្ងន់ទៀតថា «មន្ទីរបរិស្ថាន និងមន្ទីរដែនដី គួតែមើលផែនទីរបស់ខេត្តឲ្យបានត្រឹមត្រូវ មិនមែនកន្លែងណាក៏របស់បរិស្ថាន ការពារអភិរក្សដែរនោះទេ ក្នុងភូមិ ប្រជាពលរដ្ឋធ្វើស្រែចំការ ក៏តបន់អភិរក្សដែរ។ ហេតុដូច្នេះពិនិត្យមើលឡើងវិញ មើលផែនទីឲ្យបានត្រឹមត្រូវរកដំណោះស្រាយជូនការគាត់។ ហើយម៉្យាងទៀត ត្រូវបញ្ចេញប័ណ្ណកម្មសិទ្ធិ ជូនគាត់ឲ្យបានលឿន យើងត្រូវគិតថា ដីរបស់រដ្ឋ ប្រជាជនយើង ត្រូវចេះស្រឡាញ់ប្រជាជនខ្លួនឯង»។
លោក រស់វី រ៉ាវុធ ប្រធានមន្ទីររៀបចំដែនដីខេត្ត ក្រោយមានការស្តីបន្ទោសធន់ៗ បានធ្វើការបកស្រាយដោយមតិថា ចំពោះការងារបញ្ចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋផ្ទៃដីទាំងមូល វាស្ថិតក្នុងការឯកភាពចេញ ពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ទើបមន្ទីរអាចចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន។ បើស្ថាប័ណ្ណទាំង២ មិនយល់ស្របទេមន្ទីរក៏មិនហ៑ានចេញប័ណ្ណកម្មសិទ្ធិជូនគាត់ដែរ។
លោកក៏សំណូមពរដល់ក្រុមការងារថ្នាក់ជាតិ សុំជួយដាក់សំណើរជូនក្រសួងទាំងទ្វេផង ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់បានត្រឹមត្រូវ ហើយផ្ទៃដីដែលមន្ទីរដែនដីសុំអនុញ្ញាត ស្នើសុំនោះមានចំនួន១៧ភូមិ ស្ថិតស្ថិតនៅស្រុកថ្មបាំង ស្រុកបុទុមសាគរ ស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ដែលមានក្បាល់ដីចំនួន១៩៤១៩ក្បាលដី។ ចំពោះមន្ទីរបរិស្ថាន គេមិនឃើញវត្តមាននៅកិច្ចប្រជុំឡើយ៕