(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការអំពាវនាវរបស់ក្រុមអ្នកនយោបាយក្រៅច្បាប់ ដែលសំដៅដល់អតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ឲ្យសហគមនអន្តរជាតិកាត់ជំនួយ និងការលុបចោលការបញ្ជាទិញទំនិញរបស់កម្ពុជា គឺជាទង្វើបំផ្លិចបំផ្លាញជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល។
សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តជាតិនារី ៨មីនា ដែលប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យការពារជាតិ។ ពីលើវេទិកានេះសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះ «ការអំពាវនាវរបស់អ្នកនយោបាយក្រៅច្បាប់ឲ្យក្រុមអ្នកវិនិយោគពីបរទេសមិនឲ្យបញ្ជាទិញទំនិញ ការអំពាវនាវឲ្យអន្តរជាតិកាត់ជំនួយ ការដាក់ទណ្ឌកម្មអន្តរជាតិ ការអនុគ្រោះពន្ធ ឬការរឹតត្បិតអ្វីផ្សេងៗទៀតរបស់អន្តរជាតិ គឺជាទង្វើបំផ្លិចបំផ្លាញជាតិ ក្បត់ផលប្រយោជន៍របស់ជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងមូល»។
សម្តេចពិជ័យសេនា ទៀ បាញ់ លើកបង្ហាញថា ដើម្បីសម្រេចមហិច្ឆតាឆ្ពោះទៅដណ្តើមអំណាចក្រុមប្រឆាំងក្រៅច្បាប់ដែលកំពុងសម្ងំនៅក្រៅប្រទេស បានធ្វើសេចក្តីថ្លែងការណ៍ដែលមានចរិកប្រឌិតភូតកុហក់ បំផ្លើសការពិត ចោទប្រកាន់ ញុះញង់លើរាជរដ្ឋាភិបាល ស្របច្បាប់ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លើបញ្ហាផ្សេងៗ ផ្ទុយពីការពិត។
«ក្រុមអ្នកប្រឆាំងក្រៅច្បាប់មិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាជន និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងដើរអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម លើប្រទេសរបស់ខ្លួន ក្នុងពេលដែលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកំពុងលើកកម្ពស់ជាបណ្តើរៗ ហើយនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការពារជាតិកម្ពុជា។
ទន្ទឹមនឹងការលើកបើកពីពុតត្បុតពិសពុលរបស់អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិហើយនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយកម្ពុជា ឲ្យបានរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេច ទៀ បាញ់ ក៏បានក្រើនរំលឹកដល់គ្រប់ក្រសួងស្ថាប័ន ត្រូវសាមគ្គី សហប្រតិបត្តិការគ្នាចូលរួមដោះស្រាយបញ្ហាទាំងឡាយ ដែលបានកើតមានឡើងប្រកបដោយសារតី ទទួលខុសត្រូវខ្ពស់ ដើម្បីធានារក្សាឲ្យបានសុខដុមនីយកម្មរបស់ប្រទេសផងដែរ៕