(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា សម្តេចនឹងមិនសុំព្រះរាជទានលើកលែងទោសជាលើកទី៣ឲ្យលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារពីបទក្បត់ជាតិនោះឡើយ។
ពីលើវេទិកាសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រៃកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «អាអ្នកដែលជាប់គុករួចហើយនេះ ក៏កុំសង្ឃឹមថា នឹងមានការសុំលើកលែងទោសពី ហ៊ុន សែន នៅលើកទី៣ឲ្យសោះ»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកងកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះនៅខណ្ឌទួលគោកកាលពីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា តាមរយៈវីដេអូនៃកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅអូស្ត្រាលី បានសារភាពថា លោកទទួលបានការបណ្តុះបណ្តាល និងបំពាក់បំប៉ននូវយុទ្ធវិធីមួយចំនួនពីអ្នកជំនាញការអាមេរិក ដើម្បីធ្វើការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជាតាមកម្លាំងមហាជន។
លោក កឹម សុខា ធ្លាប់បានជាប់ពន្ធនាគារនៅឆ្នាំ២០០៦ ពីបទបរិហារកេរ្តិ៍ លុះដល់ឆ្នាំ២០១៦ លោកក៏ត្រូវប្រឈមទោសទណ្ឌម្តងទៀត គឺតុលាការបានកាត់ទោសលោកកំបាំងមុខដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀលពីបទមិនព្រមបង្ហាញខ្លួននៅតុលាការ។
ការជាប់ទោសទាំងពីរលើករបស់លោក កឹម សុខា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជទានទោសឲ្យមានសេរីភាពឡើងវិញ។ សម្រាប់ការជាប់ទោសជាលើកទី៣ពីបទក្បត់ជាតិនេះវិញ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងមិនសុំព្រះរាជទានលើកលែងទោសទៀតនោះឡើយ៕