(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនៅថ្ងៃច័ន្ទនេះថា សម្តេចនឹងអញ្ជើញផ្តល់កិត្តិយសទៅចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី ព្រោះអូស្ត្រាលី ពីមុនធ្លាប់សូមឲ្យសម្តេចជួយសម្របសម្រួល ដើម្បីបានចូលរួមជាដៃគូជាមួយសមាគមនអាស៊ាន ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ។
ការប្រកាសជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឯខ្ញុំទៅ គឺបញ្ជាក់ថា ខ្ញុំទៅដោយមិនចាត់តាំងអ្នកណានោះទេ គឺខ្ញុំចង់ផ្តល់កិត្តិយសឲ្យអូស្ត្រាលី ព្រោះអូស្ត្រាលីក៏ធ្លាប់ពឹងពាក់ខ្ញុំ តាំងពីឆ្នាំ២០០២ណោះ ក្នុងការប្រែក្លាយខ្លួនទៅជាដៃគូសន្ទនាប្រចាំឆ្នាំ ក្នុងកម្រិតខ្ពស់ ដែលខ្ញុំធ្លាប់ទទួល បានជោគជ័យ ក្នុងការដឹកដៃឥណ្ឌា ចូលប្រជុំអាស៊ានឥណ្ឌាលើកដំបូង នៅទីក្រុងភ្នំពេញ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាននៅពេលនោះ»។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ដោយសារតែប្រទេសអូស្ត្រាលី មើលឃើញថា កម្ពុជាបានជួយជ្រោមជ្រែងឲ្យប្រទេសឥណ្ឌា មានកិច្ចចរចាក្នុងកម្រិតកំពូលប្រចាំឆ្នាំរវាងអាស៊ាន និងប្រទេសឥណ្ឌា តាំងពីឆ្នាំ២០០០មក ទើបអូស្ត្រាលី មកពឹងពាក់កម្ពុជាឲ្យជួយខ្លួនក្នុងកិច្ចការងារគាំទ្រដើម្បី ឲ្យខ្លួនបានចូលរួមពិភាក្សាជាដៃគូអាស៊ាន ពាក់ព័ន្ធករណីនេះក្នុងនាមកម្ពុជា ជាសមាជិកអាស៊ាន មិនបានបដិសេធទេ គឺបានប្រកាសគាំទ្រអូស្ត្រាលីភ្លាមៗទៅលើបញ្ហានេះផងដែរ។
ដោយឡែកសម្រាប់បញ្ហានេះ បុរសខ្លាំងរបស់កម្ពុជាតេជោសែន បានសង្កត់ធ្ងន់ៗថា «សូមផ្តាំទៅអ្នកយល់គិតថា នឹងមានការសន្ទនានយោបាយជាមួយ នឹងក្រុមប្រឆាំងនៅប្រទេសអូស្ត្រាលី គឺអត់មានទេ ហើយសូមផ្តាំទៅអ្នកអាកំពុងភូត ហើយផ្តាំទៅសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសឲ្យបានជ្រាប ហើយកុំពូកែដើរចាក់រុក ហើយសូមផ្តាំថាខ្ញុំមិនសាកសមជាដៃគូសន្ទនារបស់អ្នកនោះទេ ដោយអ្នកបានទម្លាក់ខ្ញុំដល់ជម្រៅមួយ ដែលអ្នកឯងថ្លៃណាស់ ខ្ញុំថោកណាស់ ព្រោះអ្នកឯងជាអ្នកទោស អ្នកឯងជាពួកក្បត់ជាតិ រឿងខ្ញុំសាកសមទៅជាដៃគូរបស់ពួកអ្នកឯង»។
ជាមួយនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានទទួលបានដំណឹងថា ប្រធានាធិបតីហ្វីលីពីន លោក ឌុយ ឌែតេ នឹងមិនទៅចូលរួមកិច្ចប្រជុំនេះឡើយដោយរវល់ការងារផ្ទះ តែសម្រាប់សម្តេចវិញ នៅតែបន្តទៅចូលរួមកិច្ចប្រជុំនេះ ដោយមិនខ្វល់ពីបាតុករមួយក្ដាប់តូច ដែលធ្វើបាតុកម្មប្រឆាំងសម្ដេចនោះទេ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា «សម្រាប់ការប្រជុំនៅអូស្ដា្រលីប្រធានាធិបតីហ្វីលីពីន លោក ឌុយ ឌែតេ បានថ្លែងថា គាត់អត់ទៅទេ ដោយគាត់ជាប់រវល់ការងារនៅផ្ទះ ព្រោះអ្នកសុំធ្វើបាតុកម្មនៅណុង (អូស្រ្ដាលី) មាន៤ប្រទេស ហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ា និងថៃ។ ប្រយ័ត្នតែ៤នាក់ហ្នឹងមិនទៅចប់! គេឲ្យតំណាងទាបៗទៅមានស្អី វាមិនមែនជាប្រជុំកំពូល ប៉ុន្ដែខ្ញុំនៅតែទៅបើយ៉ាងណាខ្ញុំទៅជួប ប្រជាពលរដ្ឋខ្ញុំនៅទីនោះ»៕